ភ្នំពេញ៖ បុរសម្នាក់ បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ខណះដែរកំពុងបើកម៉ូតូ ស្រាប់តែត្រូវរថយន្តមួយគ្រឿងមិនចាំម៉ាកបើកបុក ម៉ូតូចំពីមុខពេញទំហឹង កាលពីវេលាម៉ោង៥និង១០នាទីទៀបភ្លឺថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមបណ្តោយមហាវិថី ព្រះស៊ីសុវត្ថិ ម្តុំមាត់ទន្លេ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ។
តាមប្រភពព័ត៍មានពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា សាកសពជនរងគ្រោះឈ្មោះ ថា ទិន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាអ្នកដឹកសាច់មាន់ ។
សមត្ថកិច្ច បានបន្តទៀតថា មុនកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដា RSX ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1DE-0346 ធ្វើដំណើរតាមបណ្តោយ ព្រះស៊ីសុវត្ថិ ក្នុងទិសដៅពីជើងទៅត្បូង លុះជិះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តមួយគ្រឿង ពណ៌ស មិនចាំម៉ាកនិងស្លាកលេខ បើកបរ បញ្ច្រាសទិសគ្នា បានបើកបុកម៉ូតូជនរងគ្រោះចំពីមុខយ៉ាងពេញទំហឹង បណ្តាលឲ្យជនរងគ្រោះដួលបោកក្បាលនិងថ្នល់ ដេកស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធម៍ ។ចំណែកឯរថយន្តបង្កបានបើករត់គេចខ្លួនបាត់ពីកន្លែងកើតហេតុដោយបន្សល់ទុកតែម៉ូតូ និងជនរងគ្រោះដេកស្លាប់កណ្ដាលផ្លូវ ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចុះដល់កន្លែងកើតហេតុធ្វើកា វាស់វែងយកម៉ូតូទៅរក្សាទុកបណ្ដោះអាសន្ន ចំណែកសាកសពត្រូវក្រុមគ្រួសារបានយកទៅធ្វើបុណ្យតាមប្រពៃណី ៕ស តារា