ព័ត៌មានទាន់ហេតុការណ៍៖

លោកឃួង ស្រេង ជំរុញឲ្យក្រុមហ៊ុនខ្សែកាបត្រូវពន្លឿនការងារជីកកប់ខ្សែកាបក្រោមដីឲ្យបានលឿន បើពុំនោះទេ នឹងផាកពិន័យ

ចែករំលែក៖

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាន ជំរុញ ឲ្យមន្រ្តីពាក់ព័ន្ធនិងក្រុមហ៊ុនទំលាក់ខ្សែកាបទៅក្នុងដី អនុវត្តការងារឲ្យបានលឿន និងទាន់ពេលវេលា ដើម្បីកាត់បន្ថយការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ។ ក្រុមហ៊ុនខ្សែកាបទាំងអស់ត្រូវពន្លឿនការងារជីកកប់ខ្សែកាបក្រោមដីឲ្យបានលឿន បើពុំនោះទេ នឹងផាកពិន័យ ។

ការជម្រុញបែបនេះ របស់លោកឃួង ស្រេង បានធ្វើឡើង កាលពីរសៀលថ្ងៃទី២៣វិច្ឆិកាក្នុងកិច្ចប្រជុំជាមួយ មន្រ្តីរដ្ឋបាលរាជធានី ភ្នំពេញ មន្ទីរពាក់ព័ន្ធ នឹងក្រុមហ៊ុនឯកជន ខ្សែកាប ត្រូវជីកកប់ខ្សែកាប ទៅក្នុងដី ដើម្បីជម្រុញឲ្យភាគីពាក់ព័ន្ធទាំងអស់នោះត្រូវអនុវត្តការងារនេះឲ្យបានលឿន ទាន់ពេលវេលានិងកាត់បន្ថយបានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោកម៉េត មាសភក្តី បានឲ្យដឹងក្រោយកិច្ចប្រជុំនេះថា៖ កន្លងមកនេះមានក្រុមហ៊ុនខ្សែកាបមួយចំនួន ខណៈទំលាក់ខ្សែកាបចូលទៅក្រោមដីវិញ ឃើញថាបានបំពេញការងារបានល្អ តែក្នុងនោះក៏មានក្រុមហ៊ុនឯកជននេះមួយចំនួនអនុវត្តការងារមិនទាន់បានល្អផងដែរ ដែលជាហេតុបង្កឲ្យមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ ។ ដោយមើលឃើញពីបញ្ហានេះ ទើបលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ បើកឲ្យមានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនេះឡើង ដើម្បីធ្វើយ៉ាងណាឲ្យមន្រ្តីពាក់ព័ន្ធនឹងក្រុមហ៊ុនទំលាក់ខ្សែកាបទៅក្នុងដី អនុវត្តការងារឲ្យបានលឿន និងទាន់ពេលវេលា ជៀសវាងឲ្យបាននូវការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ ។

លោកបន្តថា ការថ្នាំងថ្នាក់នោះដោយសារតែពួកគាត់ជីកដីនៅមុខផ្ទះប្រជាពលរដ្ឋទុករយៈពេលយូរពេកនិងជីកដីមានប្រវែង វែងពេក មុននៃការកប់វិញ ហើយការជីកកប់នោះមានចំណុចខ្លះក៏មិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសផងដែរ ។ ដូច្នេះហើយទើបលោកអភិបាលរាជធានីភ្នំពេញជម្រុញឲ្យពង្រឹងការងារនេះឡើងវិញ ដោយស្នើឲ្យក្រុមហ៊ុនកែលម្អឡើងវិញ ពិសេសនៅកំណាត់ផ្លូវព្រះនរោត្តម ។ ចំណែកផ្លូវផ្សេងៗទៀតក៏ត្រូវតែអនុវត្តការងារនេះឲ្យបានល្អផងដែរ។ លោកឃូង ស្រេងក្នុងឱកាសនោះក៏បានថ្លែងការកោតសរសើរចំពោះក្រុមហ៊ុនខ្សែកាបទាំងអស់ផងដែរ ដែលបានអនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការកាត់ទំលាក់ខ្សែកាបទៅក្រោមដី ដែលធ្វើឲ្យភ្នំពេញរបស់យើងមានសោភណ្ឌភាពល្អប្រសើរមួយកម្រិតថែមទៀត ៕ សំរិត


ចែករំលែក៖