ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខណ្ឌមានជ័យចាត់វិធានការបង្ក្រាបហ្គេមបាញ់ត្រីដូចភ្លៀងរលឹម

ចែករំលែក៖

ភ្នំពេញ៖ ទូហ្គេមបាញ់ត្រីចំនួន១គ្រឿង ត្រូវបានសមត្ថកិច្ចខណ្ឌមានជ័យចាប់ដក ហូត វាយកម្ទេចចោលនៅនឹងកន្លែង កាលពីវេលារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។

ក្នុងការចុះបង្ក្រាបនឹងដកហូតវត្ថុតាងទូហ្គេមបាញ់ត្រីនេះក៏ទទួលបានការចូលរួមសម្របសម្រួលពីសំណាក់លោក អ៊ុំ សុភ័ក្ត ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ លោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ លោក ហួរ ម៉េងវ៉ាង អធិការរងនគរបាលខណ្ឌ លោក សេង ស៊ីវណ្ណថា ក្រុមប្រឹក្សាសង្កាត់ស្ទឹងមានជ័យ២ លោក គឹម កល្យាណ នាយផ្នែកនគរបាលយុតិ្តធម៌ខណ្ឌ និងនគរបាលប៉ុសិ្តរដ្ឋាបាលស្ទឹងមានជ័យ២ ដើម្បីធ្វើការងារខាងលើនេះ។

ក្នុងនោះសមត្ថកិច្ចបានដកហូតទូហ្គេមបាញ់ត្រីដៃ១០ចំនួន១ទូរ កៅអីចំនួន៣ ដបទឹកសុទ្ធសង្ស័យជាឧបករណ៍ប្រើប្រាស់គ្រឿងញៀន និងមនុស្ស៣នាក់ នាំយកទៅស្នាក់ការប៉ុសិ្តរដ្ឋបាលស្ទឹងមានជ័យ២។ ដោយទទួលបានការបញ្ជាផ្ទាល់ពីប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យលោក ពេជ្រ កែវមុនី ហេតុដូច្នេះទូហ្គេមបាញ់ត្រីត្រូវបានសម្រេចវាយកម្ទេចចោលនៅនឹងកន្លែងតែម្តង៕ តាឡឹម


ចែករំលែក៖