ព័ត៌មានទាន់ហេតុការណ៍៖

ឌី យ៉ាម៉ង់ និង ខេ បញ្ចេញស្នាដៃរួមគ្នាក្រោយបង្កើតក្រុមថ្មី

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀង និង សម្តែងប្រុស លោក ឌី យ៉ាម៉ង់ និង លោក ខេ(K) បានរួមគ្នាបង្កើតក្រុមតារាចម្រៀងថ្មីមួយមានឈ្មោះថា ធីអឹម(TM)។ ការបង្កើតក្រុមថ្មីនេះក្រោយពីក្រុមសមាជិកក្រុមចម្រៀងចាស់ De5inite បានបែកគ្នាអស់ហើយក្រុមថ្មីនេះ ក៏នឹងបញ្ចេញស្នាដៃថ្មីប្លែកមួយចំនួន។

ឌី យ៉ាម៉ង់ បញ្ជាក់ថាការសម្រេចចិត្តបង្កើតក្រុមថ្មីតែពីរនាក់ព្រោះតែ មិនចង់មានសមាជិកច្រើនដែលពិបាកជួបជុំគ្នាពិភាក្សា និងហ្វឹកហាត់ច្រៀងរាំរួមគ្នាព្រោះម្នាក់ៗរវល់ការងាររៀងខ្លួនច្រើន។ លោកថា ក្រុមថ្មីមានឈ្មោះថា TMជាភាសាខ្មែរថា ទសមុខ គឺមុខ១០ ដែលជាឈ្មោះតួអង្គមួយក្នុងរឿងរាមកេរ្តិ៍ខ្មែរ។ លោកបញ្ជាក់ដែរថា បង្កើតក្រុមថ្មីភ្លាម ក្រុមលោកបាននិពន្ធបទចម្រៀងថ្មីOriginal Song ភ្លាមៗគឺបទ”កំហុសរាម” ដែលនិយាយអំពីកំហុសរបស់ព្រះរាមដែលមិនទុកចិត្តមហេសី នាសីតាហើយទើបនឹងចេញជា MV កាលពីថ្មីៗនេះដែរ។ ក្រៅពីនេះលោកក៏ត្រៀមបទចម្រៀងថ្មីជាច្រើនបទបន្តទៀតផងដែរដូចជាបទ”ក្រដាសស” និងបទ ”រ៉ូបស” ។

លោក K វិញបានបង្ហាញអារម្មណ៍សប្បាយរីករាយខ្លាំងក្រោយពេលលោកបានរួមគ្នាជាមួយ ឌី យ៉ាម៉ង់ដើម្បីបង្កើតក្រុមថ្មីជាមួយស្នាដៃថ្មីប្លែក។ លោកថា បទចម្រៀងថ្មីនេះនឹងបង្កប់នូវទស្សនៈអប់រំ ជាមួយនឹងទស្សនីយភាពថ្មីប្លែកសម្រាប់បម្រើការកម្សាន្តរបស់ទស្សនិកជន។ លោកថា លោក នៅតែខិតខំប្រឹងប្រែងខ្លាំងដើម្បីបង្កើតស្នាដៃបទចម្រៀងថ្មី សម្រាប់បម្រើការកម្សាន្តរបស់ទស្សនិកជន។

លោក រំពឹងដែរថា ស្នាដៃថ្មីដែលបង្កើតដោយកូនខ្មែរ នឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជន។ លោកថាបទចម្រៀងថ្មីនេះនឹងប្លែកពីបទដទៃព្រោះតែលោកនឹងដកស្រង់អត្ថន័យនៃរឿងក្នុងអក្សរសិល្ប៍បុរាណរបស់ខ្មែរជាច្រើនមកនិពន្ធជាបទចម្រៀងថ្មីសម្រាប់បង្ហាញដល់យុវជនជំនាន់ក្រោយឲ្យបានយល់និងបានស្គាល់ពីអក្សរសិល្ប៍ខ្មែរដែលជាអត្តសញ្ញាណជាតិខ្លួន។

ក្រៅពីអត្ថន័យក្រុមលោកក៏បានបង្កើតឲ្យមានទស្សនីយភាពថ្មីប្លែកនៃការសម្តែងដែរគឺការសម្តែងជាតួអង្គគ្រងសំលៀកបំពាក់បែបល្ខោនខោលនិងល្ខោនបាសាក់ជាដើម៕ វឌ្ឍនា


ចែករំលែក៖