ភ្នំពេញ ៖ ស្ត្រី៣នាក់ និងបៀមួយចំនួន ត្រូវកងរាជអាវុធហត្ថខណ្ឌដូនពេញ ចុះទៅបង្ក្រាបនិងឃាត់ខ្លួន យកទៅសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ បន្ទាប់ពីប្រជាពលរដ្ឋបានទូរស័ព្ទមកប្តឹងសមត្ថកិច្ចថា មានក្រុមអ្នកលេងល្បែងស៊ីសងធំៗម្តង២វង់ ឯណ្ណោះ ប៉ុន្តែអ្វីដែលជាក់ស្តែងគឺមិនដូចការរាយការណ៍នោះ និងបានធ្វើការណែនាំអប់រំឲ្យត្រលប់ទៅផ្ទះវិញ ។
ករណីបង្រ្កាបអ្នកលេងល្បែងខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវ១៥៤ នៅចំណុចផ្លូវឌឿងហែម ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ។
មន្រ្តីកងរាជអាវុធហត្ថខណ្ឌដូនពេញ បានឲ្យដឹងថា មុនពេលកើតហេតុ បន្ទាប់ពីមានប្រជាពលរដ្ឋរាយការណ៍ថាមានក្រុមអ្នកលេងល្បែងស៊ីសងបៀ នៅផ្លូវ១៥៤ ចំណុចផ្លូវឌឿងហែម ដោយមានអ្នកលេងបៀម្តង២វង់ និងមួយវង់ទៀតជាវង់ផឹកស៊ី មើលទៅរញ៉េរញ៉ៃគ្មានសណ្ដាប់ធ្នាប់ ទើបកម្លាំងអាវុធហត្ថខណ្ឌដូនពេញ ចុះមកធ្វើការបង្ក្រាបជាក់ស្តែង ឃាត់បានស្ត្រី៣នាក់មិនស្គាល់អត្តសញ្ញាណ ដកហូតបានវត្ថុតាងបៀមួយចំនួន យកទៅសួរនាំនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ ។ក្រោយធ្វើការសាកសួរស្ត្រីទាំង៣នាក់នោះ បានឆ្លើយសារភាពថា ពួកគាត់មិនមែនជាអ្នកលេងបៀស៊ីលុយធំ ដូចដែរគេចោទប្រកាន់នោះទេ គ្រាន់តែលេង៥រយរៀលទៅ១ពាន់រៀល ដើម្បីសប្បាយតែ ។
បច្ចុន្នប្បស្រ្តីទាំង៣នាក់នោះ ត្រូវអាវុធហត្ថខណ្ឌដូនពេញ បានធ្វើការណែនាំអប់រំឲ្យត្រលប់ទៅផ្ទះវិញ ៕ ស តារា