ខេត្តកំពង់ស្ពឺ៖ ក្មេងស្រីម្នាក់បានដាច់ខ្យល់ស្លាប់ភ្លាមមួយរំពេច ក្រោយពេលដែលនាងយកខ្ទះត្នោតទៅជិះហើយអុំលេងបណ្តាលឲ្យក្រឡាប់ធ្លាក់ចូលទឹក។ ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅអង្កតស្រាវជ្រាវហើយបានប្រគល់សពឲ្យអ្នកគ្រប់គ្រងមណ្ឌលចាត់ចែងធ្វើបុណ្យតាមប្រពៃណី។
ករណីលង់ទឹកស្លាប់នេះ កើតឡើងកាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ។ ក្មេងស្រីរងគ្រោះឈ្មោះ ជ័យ សុភី អាយុ១៧ឆ្នាំ ស្នាក់នៅក្នុងមណ្ឌលកុមារជ័យ ស្ថិតនៅភូមិត្រពាំងតាឡាត់ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ប្រភពពីសមត្ថកិច្ចស្រង់សំដីសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ ក្មេងស្រីរងគ្រោះបានយកខ្ទះត្នោតទៅអុំលេងនៅត្រពាំងទឹកខាងត្បូងមណ្ឌល ជាមួយក្មេងៗ២ទៅ៣នាក់ទៀត ។
ប្រភពបន្តថា ពេលកំពុងអុំលេង ស្រាប់តែក្រឡាប់ខ្ទះត្នោតនោះបណ្តាលឲ្យក្មេងស្រីរងគ្រោះលង់ទឹកតែម្តង។
ដោយឃើញសភាពមិនស្រួល ក្មេងៗដែលទៅលេងទឹកជាមួយគ្នា បានរត់ទៅហៅ និងប្រាប់អ្នកគ្រប់គ្រងមណ្ឌលដើម្បីមកជួយ។ ក្រោយស្រង់ចេញពីទឹកក្មេងស្រីរងគ្រោះត្រូវបានអ្នកគ្រប់មណ្ឌលដឹកយកទៅព្យាបាលនៅមន្ទីរបង្អែកកំពង់ស្ពឺ តែជាអកុសលគឺនាងបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
បន្ទាប់ពីទទួលសេចក្តីរាយការណ៍សមត្ថកុច្ចបានចុះទៅអង្កេតស្រាវជ្រាវនៅកន្លែងកើតហេតុ និងធ្វើកំណត់ហេតុផងដែរ។ សពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យអ្នកគ្រប់គ្រងមណ្ឌលចាត់ចែងរៀបចំធ្វើបុណ្យតាមប្រៃណី ៕ សេនាស័ក្តិ