ព័ត៌មានទាន់ហេតុការណ៍៖

ឡានដឹកខោអាវលក់បុកក្របីដើរឆ្លងថ្នល់ធ្លាយពោះងាប់ រកមុខម្ចាស់ក្របីដោះស្រាយអត់ឃើញ

ចែករំលែក៖

ខេត្តស្វាយរៀង៖ រថយន្តកាមរីគូទហើមមួយគ្រឿង ខណៈរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ បន្ទាប់ពីដឹកខោអាវដើរលក់ ចៃដន្យអាក្រក់ស្រាប់តែទៅបុកនឹងសត្វក្របីដើរឆ្លងថ្នល់១ក្បាលពេញទំហឹងបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរស្របពេលម្ចាស់សត្វក្របីមិនចេញមុខទទួលខុសត្រូវ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិ លៀប ឃុំ កណ្តៀងរាយ ស្រុក ស្វាយទាប ខេត្តស្វាយរៀង។

អ្នកភូមិបានឲ្យនគរវត្តដឹងថា មុនកើតហេតុ គេឃើញមានរថយន្តកាម៉ារីមួយគ្រឿង ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ ១b៦០៨៤ ដឹកខោអាវលក់ ដោយធ្វើដំណើរលើផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតមកលិច ខណៈនោះ ស្រាប់តែមានសត្វក្របី៣ក្បាលត្រូវម្ចាស់គង្វាលចងខ្សែ មិនដឹងយ៉ាងម៉េច ក្របីរត់ចូលរថយន្តកំពុងបើកលើផ្លូវពេញទំហឹងបណ្ដាលឲ្យបែកខ្ទេចនៅខាងមុខយ៉ាងដំណំ ចំណែកសត្វក្របីខ្ទាតប៉ើងប្រមាណ១០ម៉ែត្រ ធ្លាក់ស្រែសំណាងមិនមានអ្នកដំណើរឆ្លងកាត់។

ក្រោយកើតហេតុ ម្ចាស់រថយន្តបានឈប់ និងរាយការណ៍មកសមត្ថកិច្ច ព្រមទាំងរកម្ចាស់ក្របីដើម្បីរកដំណោះស្រាយ ប៉ុន្តែមិនឃើញចេញមុខនោះទេ ខណៈសត្វក្របីរងរបួសធ្ងន់ក៏ដាច់ខ្យល់ងាប់ផងដែរ។

បន្ទាប់ពីរកមុខម្ចាស់ក្របីមិនឃើញប្រមាណជិតមួយម៉ោង ទើបម្ចាស់រថយន្តសម្រេចចិត្តអូសរថយន្តមកជួសជុលនៅយាន្តដ្ឋានក្រុងស្វាយរៀងទាំងអាការមួរម៉ៅដោយមិនទាន់លក់ខោអាវដាច់ផង ត្រូវខូចខាតអស់លុយបន្ថែមទៀត៕ យឹម សុថាន


ចែករំលែក៖