ព័ត៌មានទាន់ហេតុការណ៍៖

បទល្មើសដឹកជញ្ជូនឈើប្រណីតតាមម៉ូតូ និងរថយន្តគ្រប់រូបភាព យ៉ាងអនាធិបតេយ្យនៅតែមាន ដឹកទៅប្រទេសវៀតណាមតាមច្រកអូរយ៉ាដាវ

ចែករំលែក៖

ខេត្តរតនគីរី៖ នៅល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ មានក្រុមម៉ូតូដឹកឈើជាច្រើនគ្រឿងដង្ហែគ្នាតាមដងផ្លូវ ឆ្ពោះទៅ ច្រករបៀងក្រោយកាស៊ីណូរអូរយ៉ាដាវ មិនក្រោម១០០គ្រឿងទេ ក្នុងមួយយប់ៗ ចំណែករថយន្តសាំយ៉ុងដឹកជញ្ជូនឈើប្រណីតកន្លះរថយន្តដង្ហែគ្នាសម្រុកចូលច្រកអូរយ៉ាដាវយ៉ាងគំហុក ។ ពេលអ្នកសារព័ត៌មានចុះផ្តិតរូបភាពនូវរាល់សកម្មភាពដឹកជញ្ជូនឈើតាមរថយន្ត ក៏ដូចដឹកតាមម៉ូតូ ឃើញថា វាមានភាពអនាធិបតេយ្យ ចំពោះសមត្ថកិច្ចដាក់កុងត្រូលជជុះ យកលុយតាមម៉ូតូដឹកឈើ ក្នុងមួយម៉ូតូ៥ពាន់រៀលទៅ១ម៉ីនរៀល មិនតិចជាង១០កន្លែងនោះទេ។

នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា​ ឆ្នាំ២០១៧ វេលាម៉ោងប្រមាណជាង៦ ទើបឃើញកូនចៅនគរបាលប៉ុស្តិ៍ពីរនាក់មកហៅថា មេឲ្យទៅជួប ខណៈអ្នកយកព័ត៌មានកំពុងផ្តិតរូបភាពនៅមុខច្រករបៀងប៉ុស្តិ៍១៩ ទំនងជាខ្លាចរាំងស្ទះនូវមុខជំនួញឈ្មួញឈើដឹកចេញមិនរួច ទើបធ្វើវិធីនេះ ដើម្បីឲ្យអ្នកសារព័ត៌មានដកថយងាយស្រួលដំណើរការ។

ប្រភពពីប្រជាពលរដ្ឋរស់នៅតាមដងផ្លូវជាតិលេខ៧៨ទៅច្រកអូរយ៉ាដាវ ក៏ដូចពលរដ្ឋរស់នៅក្នុងខេត្តទាំងមូលបានរិះគន់ថា ពុំឃើញមានការទប់ស្កាត់ទំនិញគេចពន្ធខូចគុណភាពនាំចូល ដោយគ្មានការអនុញ្ញាតនោះម្តងណាទេពីសមត្ថកិច្ច ដោយគេសង្ស័យថា មានការឃុបឃិតជាមួយឈ្មួញ លួចបើកច្រកឲ្យឈ្មួញដឹកឈើល្មើសច្បាប់នាំចូលទៅលក់នៅប្រទេសវៀតណាមយ៉ាងរលូនទាំងយប់ ទាំងថ្ងៃ ដោយប្តូររូបភាពពីដឹកពេញឡាន មកកន្លះឡានសាំយ៉ុងវិញ ចេញទាំងថ្ងៃតែម្តងនោះ ដោយប្រឆាំងនឹងអនុសសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាឲ្យទប់ស្គាត់បទល្មើសផ្សេងៗ និងត្រួតពិនិត្យទំនិញគេចពន្ធនាំចូលពីប្រទេសជិតខាងកុំឲ្យមាន។ តែផ្ទុយទៅវិញ ព្រោះតែថ្នូរនឹងលុយក្រោមតុ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ ភ្លេចតួនាទី លក់ឧត្តមគតិ និងមនសិការ ព្រោះតែលុយពុករលួយហ៊ានធ្វើ និងបង្កើតគ្រប់រូបភាពតាមតែអារម្មណ៍ និងចំណង់របស់ខ្លួនតែប៉ុណ្ណោះ។

ជុំវិញរឿងនេះ ប្រភពបានលើកឡើងថា ការយកលុយម៉ូតូដឹកឈើតាមផ្លូវនោះ គឺមានប៉ូលិសវរៈ ប៉ូលិសប៉ុស្តិ៍ និងខាងទាហានព្រំដែន រួមទាំងប្រជាការពារផងដែរ ដែលនៅឈរជើងម្តុំស្ពានអូរយ៉ាដាវទី១ និងទី២នោះ ៕ មាស សុផាត


ចែករំលែក៖