ខេត្តកំពង់ស្ពឺ៖ ម៉ូតូម៉ាកហ្សូមមឺមួយគ្រឿង ត្រូវចោរលួចយកទៅដោយសុវត្ថិភាព ខណៈម្ខាស់ចតទុកនៅក្រោមផ្ទះដោយមិនមានចាក់សោត្រឹមត្រូវ។ ក្រោយផ្អើលឆោឡោ ទើបដឹងថា សត្វឆ្កែ៣ក្បាល និងឆ្មាមួយក្បាលរបស់អ្នកជិតខាងត្រូវបំពុលងាប់ផងដែរ។
ការភ្ញាក់ផ្អើលនេះ កើតឡើងកាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧នៅ ភូមិតាម៉ិញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ចំណុចផ្ទះឈ្មោះធាង ដារ៉ុង អាយុ២៨ឆ្នាំ។
ក្រុមចោរ លួចម៉ូតូ១គ្រឿង ម៉ាក ZOOMER RH ពណ៌ស អត់ពន្ឋទៅបាត់។
បើតាមការសាកសួររបស់ម្ចាស់ផ្ទះគឺមុនពេលភ្ញាក់ផ្អើល គាត់បានទុកម៉ូតូនៅក្រោមផ្ទះ ដោយមិនបានចាក់សោត្រឹមត្រូវឡើយ។ ពេលទុកម៉ូតូហើយក៏បានឡើងទៅដេកនៅលើផ្ទះបាត់ រហូតដល់ពេលជិតភ្លឺ ចុះមកក្រោមផ្ទះស្រាប់តែបាត់ម៉ូតូទៅហើយ។
សមត្ថកិច្ចបានប្រាប់ថា ករណីបាត់ម៉ូតូនេះ មូលហេតុដោយសារម្ចាស់ម៉ូតូធ្វេសប្រហែស ដោយទុកម៉ូតូនៅក្នុងបន្ទប់ក្រោមផ្ទះ មិនបិទទ្វារ ហើយឡើងទៅដេកនៅលើផ្ទះ ទើបក្រុមចោរមានឱកាសលួចបានយ៉ាងស្រួលបែបនេះ។
ក្នុងពេលដែលចុះទៅពិនិត្យករណីលួចនេះដែរ នៅថ្ងៃខែឆ្នាំ ដដែល សមត្ថកិចក៏បានទទួលសេចក្តីរាយការណ៍ថា មានករណីបំពុលឆ្កែងាប់អស់៣ក្បាល និងឆ្មា១ក្បាល របស់ឈ្មោះ ឡុញ ហន ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិជាមួយគ្នាផងដែរ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញរបស់ស្រុកកំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់៕ សេនាស័ក្តិ