ព័ត៌មានទាន់ហេតុការណ៍៖

សមាជិកក្រុមប្រឹក្សាខណ្ឌច្បារអំពៅ ស្នើឲ្យរដ្ឋបាលខណ្ឌបន្តរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវជាតិលេខ១ ជាពិសេសកន្លែងលក់អេតចាយ ក្នុងតំបន់បឹងឈូក

ចែករំលែក៖

ភ្នំពេញ៖ សមាជិកក្រុមប្រឹក្សាខណ្ឌច្បារអំពៅ លោកសា លន បានស្នើឲ្យរដ្ឋបាលខណ្ឌបន្តរៀបចំ សណ្តាប់ធ្នាប់សាធារណៈនៅតាមដងផ្លូវនានាក្នុងមូលដ្ឋាន ជាពិសេសតាមដងផ្លូវជាតិលេខ១ ចាប់ពីចំណុចគល់ស្ពានព្រះមុនីវង្ស រហូតដល់ចំណុចព្រំប្រទល់ស្រុកកៀនស្វាយ។

លោក សារ លន បានលើកឡើងថា៖ កន្លងមកននេះ មានការកោតសរសើរច្រើន ពីសំណាក់មហាជនទូទៅ ចំពោះការខិតខំប្រឹងប្រែង របស់រដ្ឋបាលខណ្ឌច្បារអំពៅ ក្នុងការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវជាតិលេខ១នេះបានល្អ។

ជាមួយគ្នានេះលោក បានផ្តល់ជាយោបល់ដល់រដ្ឋបាលខណ្ឌ បន្តណែនាំដល់ប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋមានលំនៅដ្ឋានតាមដងផ្លូវជាតិលេខ១ ហើយបានដាក់តាំងលក់ដូរនៅមុខផ្ទះរបស់ខ្លួន ឲ្យយល់ពីច្បាប់ទំលាប់ ចេះរក្សាសណ្តាប់ធ្នាប់របៀបរៀបរយ ដោយផុសចេញពីមនសិការ និង ឆន្ទៈរបស់ខ្លួន វាប្រសើរជាងការចុះរៀបចំពីអាជ្ញាធររាល់ថ្ងៃ។

ទាក់ទងទៅនឹង កន្លែងស្តុក ,លក់អេតចាយ និង លក់គ្រឿងជជុះ ក្នុងតំបន់ភូមិបឹងឈូក សង្កាត់និរោធ លោក​ សា លន ក៏បានស្នើឲ្យរដ្ឋបាលខណ្ឌបន្តរៀបចំកន្លែងនេះ ព្រោះទីនោះ ក៏ជាកន្លែងមួយដែលនាំឲ្យ មានផលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និង សោភ័ណ្ឌផ្លូវ ដែលជាផ្លូវហាយវ៉េ ផងដែរ។

លោកសា លន បានលើកឡើងដូចនេះ ក្នុងឱកាសអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤២ របស់ក្រុមប្រឹក្សាខណ្ឌច្បារអំពៅ ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកានេះ។

​រាល់ការស្នើសុំ និងការលើកឡើងទាំងអស់នេះ ត្រូវបានលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ទទួលយក មកត្រិះរិះពិចារណា ជាពិសេសរាល់ភាពអវិជ្ជមាន ដែលនៅសេសសល់រដ្ឋបាលខណ្ឌនឹងបន្តខិតខំអនុវត្តឲ្យបាន។

ទាក់ទងទៅនឹង តំបន់ស្តុក និង លក់ អេតចាយបឹងស្នោរ លោក អភិបាលខណ្ឌលើកឡើងថា៖ រដ្ឋបាលខណ្ឌនឹងទៅពិនិត្យមើលច្បាប់អាជីវកម្មនៅទីនោះ ដោយពិនិត្យមើលពីសុពលភាព នៃការធ្វើអាជីវកម្ម ប្រសិនបើពិនិត្យឃើញថា ជិតអស់សុពលភាព រដ្ឋបាលខណ្ឌ នឹងចេញជាលិខិតជូនដំណឹងមួយដល់ម្ចាស់ អាជីវកម្មទាំងនោះ ហើយបន្ទាប់មក មិនមានចេញច្បាប់អនុញ្ញាតិធ្វើអាជីកម្មបន្តទៀតឡើយ។ ចំពោះអ្នកដែលគ្មានច្បាប់អនុញ្ញាត រដ្ឋបាលខណ្ឌនឹងអនុវត្តទៅតាមនីតិវិធីរដ្ឋបាល៕ សណ្តោស


ចែករំលែក៖