ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងបើកឡានលឿនជ្រុលបុកឡានគេចតស្ងៀម ទារសំណង៨០០ដុល្លារ អត់មានលុយឲ្យគេ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តក្នុងល្បឿនលឿនទាំងស្ថានភាពស្រវឹង ជ្រុលបុកគូទរថយន្តមួយគ្រឿងទៀត ដែលម្ចាស់ចតស្ងៀមនៅលើចញ្ចើមផ្លូវបណ្តាលឲ្យរងកាខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្លូវលេខ២២១កែងផ្លូវលេខ១៥០ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកព្រួស ពណ៌ ខៀវ ពាក់ស្លាកលេខភ្នំពេញ2AS 9967 ដែលម្ចាស់ចតនៅលើចញ្ចើមផ្លូវលេខ២២១ ក្នុងទិសដៅពីជើងទៅត្បូងជារៀងរាល់ថ្ងៃ ។ លុះមកដល់វេលាកើតហេតុ ស្រាប់តែមានបុរសម្នាក់បើករថយន្តកាមរីឆ្លាម ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2H 4708 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២២១ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនទាំងស្ថានភាពស្រវឹងស្រាផងនោះ ក៏ជ្រុលបុកគូទរថយន្តព្រូសពេញទំហឹងបណ្តាលឲ្យរងកាខូចខាតទាំងសងខាង តែមិនមានអ្នករងរបួស។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុសម្របសម្រួលគ្នា តែដោយភាគីខាងម្ចាស់រថយន្តខាងរងគ្រោះទាមទារសំណងចំនួន៨០០ដុល្លារ តែដោយភាគីខាងរថយន្តបង្កមិនមានលទ្ធភាព ទើបប្រគល់ឲ្យសមត្ថកិច្ចជំនាញវាស់វែងយកទៅរក្សាទុកនៅអធិកានគរបាលខណ្ឌទួលគោករង់ចាំដោះស្រាយពេលក្រោយ៕ សុខាសែនជ័យ


ចែករំលែក៖