ព័ត៌មានទាន់ហេតុការណ៍៖

នាយចឺម សម្រេចចេញពីក្រុមកំប្លែងCTN ក្រោយផ្ទុះជម្លោះនឹងនាយ ពាក់មី

ចែករំលែក៖

ភ្នំពេញ៖ មានដំណឹងដ៏រសើបមួយលេចចេញពីក្រុមកំប្លែង នាយ ពាក់ មី គឺទំនាស់ពាក្យសម្តីរវាងនាយ ចឺម និងពាក់មី រហូតនាយចឺម សម្រេចចិត្តចាកចេញពីក្រុមកំប្លែងមួយនេះផងដែរ។

ប្រភពស្និទ្ធិនឹងនាងចឺមបានទម្លាយថា តារាកំប្លែង និងជាតារាចម្រៀងកំពុងឡើងកូដនាយចឺម បានសម្រេចចិត្តលាឈប់ពីក្រុមកំប្លែង CTN ជាផ្លូវកាលពីថ្មីៗនេះ ដែលការចាកចេញត្រូវគេអះអាងថា តារាកំប្លែងវ័យក្មេងរូបនេះមានបញ្ហាផ្ទៃក្នុងជាមួយនាយពាក់មី។

ប្រភពអះអាងថា នាយបានប៉ះពាក្យសម្ដីគ្នាជាយូរមកហើយជាមួយនាយពាក់មី ខណៈនាយជាតារាវ័យក្មេងតែអាចមានប្រជាប្រិយភាពយ៉ាងឆាប់រហ័សទាំងចម្រៀង សម្ដែង និងកំប្លែង។ ប្រភពបន្តថា នាយចឺម បង្ហាញក្ដីសោកសង្រេង និងស្ដាយជាខ្លាំងសម្រាប់ការចាកចេញពីក្រុមCTN នាពេលនេះដោយមិនដឹងពេលណាអាចត្រឡប់វិញទេ។

នាយ ចឺម និងពាក់មី នៅមិនទាន់ស្វែងរកការបញ្ជាក់បាននៅឡើយទេ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយលោកសុវណ្ណរិទ្ធីហៅលោកតាវ៉ិចទ័របានច្រានចោលចំពោះដំណឹងនេះដោយលើកឡើងថា គ្មានបញ្ហាផ្ទៃក្នុងនោះទេ សម្រាប់ការចាកចេញរបស់ នាយចឺមនាពេលនេះ។

លោកបានបញ្ជាក់ថា៖ «ឥឡូវគាត់កំពុងឡើងកូដខ្លាំងផ្នែកចម្រៀងបែបយុវវ័យអីចឹងគាត់មិនអាចមកឡប់ឡែឆ្កួតៗ ដូចពេលមុនបានទេ ព្រោះអាចធ្វើឱ្យប៉ះពាល់ប្រជាប្រិយភាពគាត់។ ម្យ៉ាងទៀតគាត់ក៏គ្មានពេលគ្រប់គ្មាន សម្រាប់ក្រុមយើងទៀត អីចឹងហើយទើបគាត់សម្រេចចិត្តឈប់»។

លោកថា វ៉ិចទ័រ បន្តថា ការសម្រេចចិត្តចាកចេញពីក្រុមរបស់នាយចឺម អាចមានរយៈពេលយូរ ឬក៏មិនអាត្រឡប់ចូលក្រុមវិញដែលលោកមិនអាចស្មានដឹង។ ម្យ៉ាងវិញទៀត ពាក់ព័ន្ធនឹងការលើកឡើងរបស់ទស្សនិកជនថា តារាកំប្លែងមានប្រភពពីខេត្តកំពង់ស្ពឺនេះមានជម្លោះផ្ទៃក្នុងជាមួយ នាយពាក់មី គឺជារឿងមិននោះទេ។

គួរបញ្ជាក់ដែរថា តារាកំប្លែង នាយចឺម កំពុងតែទទួលការគាំទ្រជាច្រើនពីទស្សនិកជននាពេលបច្ចុប្បន្ន។ បទចម្រៀងរបស់នាយជាច្រើនបទកំពុងទាក់ទាញចំណាប់អារម្មណ៍ពីយុវវ័យក្នុងផលិតកម្មសាន់ដេដូចជាបទ«ខានជួបគ្នាយូរអូនមាកូនបាត់»ជាដើម។ តារាចម្រៀងវ័យក្មេងរូបនេះ មានមហិច្ចតាចង់ក្លាយជាគ្រាប់ពេជ្រថ្មី របស់សាន់ដេទៀតផង ក្រោយវត្តមានខេមរៈសិរីមន្តចេញទៅហង្សមាសកាលពីថ្មីៗនេះ ៕ វឌ្ឍនា


ចែករំលែក៖