ខេត្តព្រះសីហនុ៖ បុរស២នាក់រងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរណ៌មួយកើតឡើងរវាងរថយន្តធុនធំបានបុកជាមួយរថយន្តCamry ពណ៌ស្លែ នៅវេលាម៉ោង៧និង១៥នាទីយប់ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៤ ត្រង់ចំណុចលើទួលតាទិតចន្លោះគីឡូម៉ែត្រលេខ១៤៣-១៤៤ ស្ថិតក្នុងភូមិឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យនគរវត្តដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៌រវាងរថយន្ត ដឹកថ្មរបស់ក្រុមហ៊ុន ចាន់ ធារិទ្ធ ស្លាកឡូហ្គូ TR ម៉ាកហុីយាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3D-1142 មានទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុ ដល់ចំណុចកើតហេតុខាងលើជាចំណុចឡើងទួល រថយន្តដឹកថ្មបានជែងរថយន្តមួយទៀត ដែលមានទិសដៅស្របគ្នា ហើយទៅបុកហឹ្នងរថយន្ត Camry ពណ៌សែ្ល ពាក់ស្លាកលេខ ភំ្នពេញ 2D-5255 ដែលមានទិសដៅបញ្ច្រាសទិសគ្នា។
ប្រភពដដែលបានបន្តទៀតថា គ្រោះថ្នាក់បណ្តាលឲ្យ ទី១. ឈ្មោះ អ៊ុង ថារិទ្ធ ភេទប្រុស អាយុ៤៧ឆ្នាំ មានទីលំនៅ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភំ្នពេញ រងរបួសធ្ងន់ ជាអ្នកបើកបរ រថយន្តcamry ទី២.ឈ្មោះ ញឹម វណ្ណះ ភេទប្រុស អាយុ ៤៨ឆ្នាំ មានទីលំនៅភូមិបឹងត្រាច ឃុំចំការហ្លួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ រងរបួសធ្ងន់(អ្នករួមដំណើរ) និងទី៣.ឈ្មោះ ប៊ុន សាន ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅ ភូមិចំការហ្លួង ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ រងរបួសស្រាល(អ្នករួមដំណើរ)។
ចំណែកអ្នកបើកបររថយន្តដឹកថ្មម៉ាកហុីយ៉ាន់ដាយ បានរត់គេចបាត់ក្រោយពេលកើតហេតុ។
រីឯវត្ថុតាងរថយន្តទាំងពីគ្រឿងត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកកំពង់សីលាដើម្បីរង់ចាំការដោះស្រាយទៅតាមផ្លូវច្បាប់៕ ឆ្លាម សមុទ្រ