ខេត្តព្រះសីហនុ៖ បុរសម្នាក់បើកម៉ូតូពេលយប់ មិនពាក់មួកសុវត្ថិភាពបានបុករថយន្តដឹកកុងតឺន័រពីក្រោយរងរបួសធ្ងន់ ក្រោយមកបានស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ នៅវេលាម៉ោង១០និង០០នាទីយប់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ លើផ្លូវវិថីផែមុខការ៉ាស់ក្រុមហ៊ុនសូ ងួន ស្ថិតនៅក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
តាមប្រព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងដោយម៉ូតូមួយគ្រឿងម៉ាក SUZUKI smash ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1C-1852 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ មានទិសដៅពីផ្សារឃ្លាំងលើ ឆ្ពោះទៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ លុះដល់ចំណុចខាងលើ បានបុកពីក្រោយ រថយន្តកុងតឺន័រ ដែលចតនៅតាមបណ្តោយផ្លូវ រថយន្តម៉ាក STERLING ពណ៌ បៃតង ពាក់ស្លាកលេខភ្នំពេញ3D-3470 សណ្តោងរ៉ឺម៉កដឹកកុងតឺន័រ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនសូងួន។
ប្រភពដដែលបន្តទៀតថា គ្រោះថ្នាក់នេះ បណ្ដាលឲ្យរងរបួសធ្ងន់មនុស្សម្នាក់ អ្នកបើកបរម៉ូតូ ក្រោយមកបានស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
តាមការឲ្យដឹងពីលោកវរសេនីយ៍ទោកេត សុភ័ក្រ នាយរងការិល័យចរាចរណ៍ផ្លូវគោកបានឲ្យដឹងថា សាកសពជនរងគ្រោះរហូតមកដល់ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ បើបងប្អូនណាបានស្គាល់ជួយផ្តល់ដំណឹងដល់សាច់ញាតិជនរងគ្រោះផង។
បច្ចុប្បន្នសាកសពជនរងគ្រោះរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
ចំណែកវត្ថុតាងរថយន្ត និង ម៉ូតូត្រូវ បានសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ ផ្លូវគោករង់ចាំការដោះស្រាយទៅតាមផ្លូវច្បាប់៕ ឆ្លាម សមុទ្រ