ព័ត៌មានទាន់ហេតុការណ៍៖

លោកឃួង ស្រេងព្រមានដក់តំណែងស្មៀនសង្កាត់ចោលប្រសិនបើមិនស្ដាប់ការណែនាំពីចៅសង្កាត់របស់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យស្មៀនសង្កាត់ទាំងអស់ត្រូវតែស្តាប់តាមការណែនាំការងារពីលោកចៅសង្កាត់ បើមិនដូច្នេះទេ លោកជាស្មៀន នឹងប្រឈមនៃកាសុំដកតំណែងពីក្រសួងមហាផ្ទៃ ដោយមិនទុកឲ្យបង្កការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ ដែលមកទទួលសេវា សាធារណៈ នៅមូលដ្ឋាននោះទៀតទេ ។

តាមព័ត៌មាន ដែលលោកទទួលបាន នោះគឺមានស្មៀនសង្កាត់មួយចំនួននៅរាជធានីភ្នំពេញយើងនេះមិនសូវ ស្តាប់ចៅសង្កាត់នោះទេ ដោយអាងថា ខ្លួនជាមន្ត្រីមានក្រប ខណ្ឌរបស់ក្រសួងមហាផ្ទៃ។ តែបើតាមពិតទៅស្មៀនមានតួនាទីគ្រាន់តែជាអ្នកកាន់ត្រា អ្នកសរសេរ បំរើការងារឲ្យលោកចៅ សង្កាត់តែប៉ុណ្ណោះ ដូច្នេះទេត្រូវតែស្តាប់ការណែនាំរបស់ចៅសង្កាត់ ធ្វើយ៉ាងណា កុំធ្វើឲ្យសង្កាត់មានបញ្ហាថ្នាំងថ្នាក់ជាមួយប្រជាពលរដ្ឋ ។ដូច្នេះស្មៀនត្រូវបំពេញការងារឲ្យបានល្អទៅតាមតួនាទីរបស់ខ្លួន ពិសេសត្រូវរួមគ្នាដើម្បីបំរើប្រជាពលរដ្ឋ ឲ្យសមទៅហ្នឹងអ្វីដែលប្រជាពលរដ្ឋមានទំនុកចិត្ត។

លោកអភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា បើ ស្មៀនមិនស្តាប់ចៅសង្កាត់ទេ ស្មៀនអាចប្រឈមនឹងការដកតំណែង ដោយហេតុថា រដ្ឋបាលខណ្ឌ រដ្ឋបាលរាជធានីមានសិទ្ធិគ្រប់គ្រាន់ក្នុងការស្នើសុំទៅក្រសួងមហាផ្ទៃ ដើម្បីដកតំណែងនិងតួនាទីនេះ ដូច្នេះស្មៀនមិនអាចធ្វើព្យុះ ធ្វើភ្លៀងស្រេចតែចិត្តនោះទេ។ ដោយឡែកលោកមេប៉ុស្តិ៍ក៏ត្រូវស្តាប់ចៅសង្កាត់ដែរដោយលោកមេប៉ុស្តិ៍ស្ថិតក្រោមគណៈបញ្ជាការឯកភាពសង្កាត់ ប៉ុន្តែទោះបីជាយ៉ាងណាក្តីចៅសង្កាត់ត្រូវតែស្អាតស្អំដែរ។

លោក ឃួង ស្រេងបានមានប្រសាសន៍បែបនេះក្នុង ពិធីសំណេះសំណាលជាមួយអភិបាល អភិបាលរងខណ្ឌ នាយករដ្ឋបាលខណ្ឌ ប្រធានមន្ទីរ ចៅសង្កាត់និងស្មៀនសង្កាត់នៅរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី២៩វិច្ឆិកា ឆ្នាំ២០១៧ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង ក៏បានជម្រុញឲ្យចៅសង្កាត់ និងមេប៉ុស្តិ៍យកចិត្តទុកលើការងារការពារសន្តិសុខ សុវត្ថិភាព និងការសម្រួលចរាចរណ៍ជូនប្រជាពរដ្ឋឲ្យបានល្អផងដែរ ដោយលោកបានជម្រុញឲ្យបង្កើតវេនយាមជាប្រចាំនៅក្នុងភូមិ ចលនាប្រជាពលរដ្ឋ និងព្រះសង្ឃឲ្យជួយចូលរួម ។ លោកបញ្ជាក់ថា ការងារការពារសន្តិសុខ សុវត្ថិភាព និងការសម្រួលចរាចរណ៍ ជាការងារសំខាន់ខ្លាំងណាស់ដែលប្រជាពលរដ្ឋត្រូវការជាប្រចាំ មិនថាចំពោះប្រជាពលរដ្ឋក្រីក្រ ឬអ្នកមាននោះទេ ដូច្នេះទេត្រូវតែប្រឹងប្រែងដើម្បីឲ្យភូមិសង្កាត់មានសុវត្ថិភាព ៕ សំរិត


ចែករំលែក៖