ភ្នំពេញ ៖ ដោយមើលឃើញពីភាពរីកចម្រើនជាបន្តបន្ទាប់ ក្រោមការខិតខំជំរុញដល់ការ ហ្វឹកហាត់ជាប្រចាំ ពីសំណាក់លោកគ្រូ អ្នកគ្រូ ស្របតាមកំណែទម្រង់វិស័យអប់រំកាយ និងកីឡា របស់ក្រសួង និង អនុវត្តតាមផែនការមេរបស់សហព័ន្ធកីឡាកាយសម្ព័ន្ធ ក្រោមការដឹកនាំរបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាប្រធានNOCC និងជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាផងនោះ គុណផលអត្តពលិកកីឡាកាយសម្ព័ន្ធទាំង ជម្រើសជាតិឈុតធំនិង ឈុតថ្នាល ព្រមទាំងកីឡាករកីឡាការិនីនៅតាមបណ្តាខេត្ត រាជធានីសុទ្ធតែមានសមត្ថភាពខ្ពស់គួរឲ្យសរសើរ ។
លោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ប្រធាន (NOCC) និងប្រធានសហព័ន្ធបានសម្ដែងនូវការអបអរសាទរ ចំពោះភាពរីកចម្រើននៃវិស័យកីឡាកាយសម្ព័ន្ធនាបច្ចុប្បន្ន ។ ប៉ុន្ដែលោកបានផ្ដល់អនុសាសន៍គន្លឹះ ចំនួន៥ចំណុចបន្ថែម ដើម្បីអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាព និងឈានដល់កម្រិត អាចចូលរួមប្រកួតលើឆាកអន្ដរជាតិ ពិសេសការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ខាងមុខ ។
ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងពិធីបិទការប្រកួតកីឡាកាយសម្ព័ន្ធដណ្ដើមពានរង្វាន់ «ឯកឧត្តមបណ្ឌិត ថោង ខុន» លើកទី១ ឆ្នាំ២០១៧ នៅសាលដំបូលទូកនៃពហុកីឡដ្ឋានជាតិកាលពីរសៀលថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០ ១៧ ក្នុងនាមលោកគឺជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាផងដែរ ។
លោកបានបញ្ជាក់ថា ការកសាងធនធានគឺជារឿងសំខាន់ មិនថាកីឡាករ-កីឡាការិនី អាជ្ញាកណ្ដាល ឬគ្រូបង្វឹកឡើយ ដូច្នេះសហព័ន្ធត្រូវបង្កើនការអភិវឌ្ឍបន្ថែម ដោយផ្អែកលើអនុសាសន៍៥ចំណុចរួមមាន៖
ទី១- ត្រូវបណ្ដុះបណ្ដាលថ្នាលតាមកម្រិតអាយុ និងបង្កើនគុណភាព និងគុណផលកីឡាករ-កីឡាការិនីតាមក្លិប-សមាគមកីឡាកាយសម្ព័ន្ធឲ្យបានទូលំទូលាយ។
ទី២-ពង្រឹងសមត្ថភាពអាជ្ញាកណ្ដាល ចៅក្រម មន្ដ្រីបច្ចេកទេសឲ្យកាន់តែល្អប្រសើរ ទាំងបរិមាណ និងគុណភាព។
ទី៣- ជំរុញឲ្យមានការប្រកួតបានច្រើន និងមានការហ្វឹកហាត់ជាប្រចាំ។
ទី៤- ពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងសហព័ន្ធក្លិប និងសមាគមទូទាំងប្រទេសឲ្យបានរឹងមាំ ។
៥- ត្រូវប្រឹងប្រែងស្វែងរកដៃគូអភិវឌ្ឍន៍បន្ថែមទៀត ។ នេះជាយុទ្ធសាស្ដ្រ និងការណែនាំបន្ថែមពីប្រមុខថ្នាក់ដឹកនាំកីឡាកម្ពុជាខាងលើ ដើម្បីត្រៀមខ្លួនឲ្យបានកាន់តែរឹងមាំ សម្រាប់ធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣។
សូមបញ្ជាក់ថា ចំពោះការប្រកួតកីឡាដណ្ដើមពានរង្វាន់ «ឯកឧត្តមបណ្ឌិត ថោង ខុន» លើកទី១ គឺមានកីឡាករ-កីឡាការិនីជាង ៨០នាក់ មកពីក្លិប-សមាគមតាមខេត្តចំនួន៤ចូលរួម ខណៈការប្រកួតបានធ្វើឡើងរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី២៤ រហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០១៧។ ចំពោះលទ្ធផល គឺក្រុមកីឡាកាយសម្ព័ន្ធរាជធានីភ្នំពេញឈ្នះបានមេដាយមាសច្រើនជាងគេ រួមមានមេដាយមាស ៤ ប្រាក់២ និងសំរឹទ្ធិ១។ រីឯក្រុមតំណាងខេត្តតាកែវ ទទួលបានលេខ២ ដណ្ដើមបានមេដាយមាស៣ ប្រាក់៤ និងសំរឹទ្ធិ២ តាមពីក្រោយដោយក្រុមខេត្តកំពង់ឆ្នាំង ឈរលេខ៣ ដណ្ដើមបានមេដាយមាស ៣ ប្រាក់ ២ និងសំរឹទ្ធិ ៣៕ សារីម