ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ នឹង ម៉ូតូរ៉ឺម៉កកង់បីបានបុកគ្នាពេញទំហឹងបង្កឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកធ្វើដំណើរ ក៏ដូចជាអ្នកភូមិចេញមកជួយសង្គ្រោះ និងរាយការណ៍មកសមត្ថកិច្ចភ្លាមៗ បណ្ដាលឲ្យមនុស្សប្រុសស្រី២នាក់ រងរបួសធ្ងន់ ស្រាលកាលពីវេលាម៉ោង១១និង៥០នាទីព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ លើផ្លូវលេខ ៣១៥ ស្ថិតក្នុងភូមិទទា សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យនគរវត្តដឹងថា មុនកើតហេតុមានម៉ូតូម៉ាក ហុងដាសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១C ៦៣៨៩ បើកបរដោយឈ្មោះ សាន ញ៉ក់ ភេទ ស្រី អាយុ៣៣ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិតាមុំ ឃុំពោធិ៍រាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ធ្វើដំណើរពីត្បូងទៅជើង មិនពាក់មួកសុវត្ថិភាព ស្រាប់តែទៅបុកនិងម៉ូតូរ៉ឺម៉កម៉ាក City ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ១DH ៦៤៧០ បើកបរដោយឈ្មោះ ពេជ្រ ភា ភេទ ប្រុស អាយុ ២៤ ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិ ទទា សង្កាត់ ចេក ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង ដែលជិះពីជើងទៅត្បូងពេញទំហឹងបណ្ដាលឲ្យដួលរណូករណែលលើផ្លូវទាំងសងខាង ត្រូវបានអ្នកភូមិ និងសមត្ថកិច្ចដឹកមកកាន់មន្ទីរពេទ្យខេត្តស្វាយរៀងភ្លាមៗ។
ចំណែកម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចវាស់វែង និងអូសមកកាន់ប៉ុស្តិ៍រដ្ឋបាលសង្កាត់ចេកដោះស្រាយពេលក្រោយ។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុ ដោយសារតែ ម៉ូតូម៉ាក ហុងដាសេ១២៥ មិនប្រកាន់ស្ដាំទើបជួបគ្រោះថ្នាក់ចរាចរណ៍កើតឡើង៕ យឹម សុថាន