ព័ត៌មានទាន់ហេតុការណ៍៖

ឡេង ណាវ៉ាត្រា មិនភ្លេចខ្លួនធ្លាប់ជាធ្វើជាកម្មករ ទោះក្លាយជាម្ចាស់គម្រោងបុរី

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀង និងជាម្ចាស់ផលិតកម្ម Galaxy លោកឡេង ណាវ៉ាត្រា បានផ្អាកការងារសិល្បៈមួយរយៈពេលខ្លីក្រោយពីលោកចាប់យកមុខជំនួញលក់ដីធ្លី និងផ្ទះវីឡាជាច្រើនកន្លែង។ ម្ចាស់គម្រោងដីវាល់លានដុល្លារអាមេរិករូបនេះ លើកឡើងថា ទោះក្លាយជាថៅកែពុះដីឡូតិ៍ និងលក់ផ្ទះវីឡាកូនកាត់ក្តី ក៏លោកមិនដែលភ្លេចពីអតីតកាលជាពលករគេនោះដែរ។

ក្រោយបញ្ចេញស្នាដៃផលិតបទចម្រៀងជាច្រើនបទ និងភាពយន្តរឿង«កំពូលល្ងង់នៅអាស៊ី» រួចមក លោក ឡេង ណាវ៉ាត់ត្រាបានធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំងក្រោយពីលោកបង្ហាញដោយចំហរពីមុខជំនួញផ្នែកអចលនទ្រព្យនៅភ្នំពេញ និងខេត្តមួយចំនួនទៀត។

ទោះជាយ៉ាងណាលោកថា ការក្លាយខ្លួនជាអ្នកជំនួញធំដុំក្តី ក៏លោកមិនដែលបំភ្លេចអនុស្សាវរីយ៍ក្នុងនាមជាកម្មករនោះទេ ហើយលោកក៏មិនដែលខ្មាស់គេដែរ ដែលប្រកាសថា លោកគឺជាពលករត្រដរស់លើទឹកដីប្រទេសកូរ៉េនោះដែរ។ ថ្មីៗនេះ លោកបានវេចលុយមួយកេសធំយកទៅចែកចាយដល់ក្រុមកម្មករប្រមាណជាង៣០០នាក់ នៅក្នុងការដ្ឋានសាងសង់បុរីរបស់ខ្លួនធ្វើឲ្យកម្មករម្នាក់ស្ងើចសរសើរពីទឹកចិត្តរបស់លោកនោះផង។

ម្ចាស់ផលិតកម្ម Galaxy រូបនេះបញ្ជាក់ថា នៅពេលលោកចុះទៅមើលការដ្ឋានសាងសង់ហើយលោកបានឃើញពីសភាពធ្វើការរបស់កម្មវិធីនៅក្នុងបុរីបានធ្វើឲ្យលោកស្រណោះដល់អតីតកាលដែលលោកធ្លាប់ធ្វើជាកម្មករសំណង់ជាកម្មកររោងចក្រនិងចុងក្រោយបានក្លាយជាពលករនៅក្នុងប្រទេសកូរ៉េជាប់នឹងភ្នែកតែម្ដង។

លោកអះអាងថា នៅក្នុងពេលនោះសភាពក្នុងការរស់នៅគឺមិនខុសពីមាន់ដែលត្រូវរស់ដោយមួយគេៗនោះទេ ដោយសារប្រាក់ខែលោកទទួលបានគឺសឹងតែមិនគ្រប់នឹងថ្លៃជួលផ្ទះ និងការហូបចុក។

លោកទើបតែបានរស់ស្រួលដោយហូបឆ្អែតគ្រប់គ្រាន់ ក្នុងពេលដែលលោកបានចេញទៅធ្វើការនៅក្នុងប្រទេសកូរ៉េប៉ុណ្ណោះ តែបណ្ដាលមកពីលោកធ្លាប់ក្រ ធ្លាប់អត់ហើយលោកតែងតែសន្សំលុយដែលបានធ្វើការពីប្រទេសកូរ៉េយ៉ាងលំបាក មកទិញដីស្រែស្ដុកទុកតាំងពីជំនាន់នៅធូរថ្លៃ ទើបធ្វើឲ្យលោកចេះតែមានដើមទុន ហើយឈានដល់ពុះឡូតិ៍ដាក់លក់រហូតចេះតែពង្រីកដើមទុនបានច្រើនបន្តិចៗម្ដង មុនឈានដល់ការប្រកាសក្រុមហ៊ុនជាក្រុមហ៊ុនសង់ផ្ទះល្វែង និងវីឡាកូនកាត់ដាក់លក់។

លោកអះអាងថា មកទល់ពេលនេះ មិនរាប់បញ្ចូលគម្រោងដីឡូត៍របស់លោកច្រើនកន្លែង លោកមានក្រុមសង់ផ្ទះល្វែង និងវីឡាកូនកាត់ចំនួន៣កន្លែង ហើយដោយគម្រោងទី១ និងទី២រាប់រយល្វែងគឺលក់គ្មានសល់នោះទេ និងបន្តលក់គម្រោងទី៣ ដែលមានផ្ទះដៃជាង១០ហិកតាបន្តទៀត នៅតាមបណ្ដោយផ្លូវជាតិលេខ៣។

លោកថា អាជីវកម្មកាន់តែទទួលជោគជ័យ តែលោកនៅតែមិនចោលផលិតកម្មនោះទេ ដោយលោកនឹងងាកមកផលិតចម្រៀង និងភាពយន្តដើម្បីលើកស្ទួយក្នុងពេលរយាលដៃបន្តិច។ ប៉ុន្តែអ្វីដែលលោកត្រូវធ្វើពេលនេះ គឺចែករំលែកក្ដីស្រឡាញ់ដល់ក្រុមកម្មករ ដោយសារតែលោកក៏ជាអតីតការពលករចំណាកស្រុក និងជាអតីតកម្មករក្នុងស្រុកក្នុងពេលមិនទាន់ក្លាយជាអ្នកជំនួញដូចពេលនេះ។

លោកបញ្ជាក់ថា ឲ្យតែចុះមកដល់ការដ្ឋានលោកតែងមមៃឃើញភ្លាមៗថា រូបភាពដែលលោកបានឃើញនោះ គឺជាលោកកាលពីប៉ុន្មានឆ្នាំមុនហើយបើទោះជាគឺថៅកែដែលមានខ្ពស់ដាច់ឆ្ងាយពីក្រុមកម្មករទាំងនោះក៏ដោយក៏លោកនៅតែបង្ហាញភាពជិតស្និទ្ធិ។

លោកទើបនឹងបានវិចលុយមួយកេសធំយកទៅចែកចាយដល់ក្រុមកម្មករនៅក្នុងការដ្ឋានរបស់ខ្លួនកាលពីពេលថ្មី និងបានជំរុញទឹកចិត្តឲ្យក្រុមកម្មករបន្តតស៊ូកុំឲ្យអស់សង្ឃឹមដើម្បីអាចមានឱកាសកសាងជីវភាពកាន់តែប្រសើរនៅពេលអនាគត៕ វឌ្ឍនា


ចែករំលែក៖