ខេត្តកំពង់ឆ្នាំង៖ សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង បានចុះប្រតិបត្តិការបង្រ្កាបគ្រឿង ដោយឃាត់ខ្លួនក្រុមជនសង្ស័យ១៤នាក់ និងរកឃើញវត្ថុតាងថ្នាំញៀនចំនួន៣០កញ្ចប់ ដែលធ្វើឡើងចំនួន៣ថ្ងៃជាប់គ្នា ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃ៣០ ខែវិច្ឆិកា ឆ្នាំ២០១៧។
សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនបានឲ្យដឹងថា កិច្ចប្រតិបត្តិការនេះ គឺធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុងស្រុក-ក្រុងចំនួន៥ រួមមានស្រុកសាមគ្គីមានជ័យ ឃាត់ខ្លួនជនសង្ស័យបាន២នាក់ ដកហូតថ្នាំញៀនចំនួន៧កញ្ចប់, ទូរស័ព្ទដៃ២គ្រឿង និងពូថៅ១, ស្រុកកំពង់ត្រឡាច ឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតថ្នាំញៀន៣កញ្ចប់ និងទូរស័ព្ទ២គ្រឿង, ដែកឆាប៣ដើម និងដាវ១ដើម, ស្រុករលាប្អៀរ ឃាត់ខ្លួនជនសង្ស័យ៤នាក់ ដកហូតថ្នាំញៀន៦កញ្ចប់, ទូរស័ព្ទដៃ១គ្រឿង, ស្រុកបរិបូរណ៍ ឃាត់ខ្លួនជនសង្ស័យ៤នាក់ដកហូតថ្នាំញៀន២កញ្ចប់, ទូរស័ព្ទដៃ១គ្រឿង និងក្រុងកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតថ្នាំញៀន១០កញ្ចប់ និងទូរស័ព្ទដៃ២គ្រឿង។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង១៤ខាងលើ គឺជាក្រុមចែកចាយថ្នាំញៀនដ៏សកម្មក្នុងខេត្តកំពង់ឆ្នាំង ដោយបានធ្វើសកម្មភាពស្ទើគ្រប់ស្រុក-ក្រុងនៅក្នុងខេត្ត ហើយត្រឹមរយៈពេល៣ថ្ងៃ សមត្ថកិច្ចបានឃាត់ខ្លួនជាបន្តបន្ទាប់ រួមទាំងមេខ្លោងជួញដូរឈ្មោះ រិទ្ធ សម្បត្តិ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅផ្សារលើ ដោយដកហូតថ្នាំញៀនបាន១០កញ្ចប់។
ក្រោយចាប់ខ្លួន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី៕ ចន្ថា