នៅលើកំណាត់ផ្លូវជាតិលេខ១ ចាប់ពីខេត្តស្វាយរៀងរហូតមកដល់រាជធានីភ្នំពេញ យ៉ាងតិចមានក្រុមគយចល័យ៣កន្លែង ក្នុងខេត្តស្វាយរៀងមួយកន្លែង ខេត្តព្រៃវែងមួយកន្លែង និងខេត្តកណ្តាលមួយកន្លែងទៀត។ ទីតាំងគយចល័តដាក់ប៉ុស្តិ៍ទាំងនោះ គេកំពុងឆ្ងល់ថា មានតួនាទីអ្វីសំខាន់ ខណៈឃើញតែរថយន្តដឹកទំនិញចូលបង់ប្រាក់ជាប្រចាំ ទាំងយប់ទាំងថ្ងៃ ហើយមានសកម្មភាពដេញចាប់ម្តងម្កាល ពេលម្ចាស់ដឹកទំនិញ មិនព្រមចូលបង់ប្រាក់។
ក្រុមឈ្មួញបានឲ្យដឹងថា ចំពោះទំនិញវិនិយោគទុនស្របច្បាប់ យ៉ាងហោចណាស់ក៏ក្នុងមួយកុងតឺន័រចូលបង់កន្លែងគយចល័តទាំង៣កន្លែងនោះ ក្នុងមួយកន្លែងយ៉ាងតិច៣០ដុល្លារ ។ ដោយឡែកចំពោះទំនិញគេចពន្ធ ឬទំនិញបង់ពន្ធមិនគ្រប់ ដូចជារថយន្តខ្សែ និងរថយន្តក្រុង ដែលលួចបង្កប់ទំនិញគេចពន្ធ គ្រឿងបន្លាស់រថយន្ត គ្រឿងត្រាក់ទ័រ គ្រឿងអេឡិចត្រូនិក សម្លៀកបំពាក់ គ្រឿងក្រអូបមានករណីបង់លុយក្បាលឡានផង និងបង់ខែផង ទៅឲ្យគយចល័តទាំង៣គោលដៅនោះ ។ សកម្មភាពទាំងអស់នេះហើយ ទើបគេរិះគន់ថា ក្រុមគយចល័តធ្វើការងារអី ក្រៅពីចាំយកលុយក្បាលឡានដឹកទំនិញ? ដូច្នេះមេៗសាខាគយខេត្តដែលពាក់ព័ន្ធ ក៏ដូចជាប្រធានគយចល័តទូទាំងប្រទេស គួរមានវិធានការពិនិត្យជុំវិញបញ្ហាមិនប្រក្រតីទាំងនេះផង ចៀសវាងបង្កើតនូវសតិអារម្មណ៍ដោយអំពើពុករលួយនេះ ប៉ះពាល់ដល់ឈ្មួញរកស៊ីស្របច្បាប់ និងជះឥទ្ធិពលអាក្រក់ ប៉ះពាល់ដល់ស្ថាប័នគយ ដែលជាស្ថាប័នដ៏សំខាន់ ប្រមូលថវិកាជូនរដ្ឋនោះ។
សកម្មភាពរបស់គយចល័តទាំង៣គោលដៅនេះ ករណីខ្លះបំពេញតួនាទីភារកិច្ចដេញរថយន្តដឹកទំនិញ ដោយគ្មានឯកសណ្ឋានត្រឹមត្រូវ ជាមន្ត្រីអនុវត្តច្បាប់ ប្រើប្រាស់រថយន្តគ្មានស្លាកលេខ សុទ្ធតែទទួលនូវការរិះគន់ថា អ្នកអនុវត្តច្បាប់អង្គុយលើច្បាប់ បំពានច្បាប់ និងប្រឈមនូវអំពើពុករលួយខ្លាំងជាងគេ ៕