ខេត្តកំពង់ស្ពឺ៖ ក្មេងប្រុសជំទង់ម្នាក់ បើកម៉ូតូដឹកព្រះសង្ឃ២អង្គ ស្រាប់តែជ្រុលចង្កូតបុកបុរសម្នាក់កំពុងដើរឆ្លងថ្នល់ បណ្តាលឲ្យជនរងគ្រោះ រងរបួសធ្ងន់។ ចំណែកអ្នកបើកម៉ូតូ និងព្រះសង្ឃ រងរបួសស្រាល។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៦ល្ងាច ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវក្រាលកៅស៊ូ ក្នុងភូមិខ្នងក្រាំង ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូបង្កម៉ាកហុងដាឌ្រីមស៊េរី២០១៧ ពាក់ស្លាកលេខកំពង់ស្ពឺ 1J-8701 បើកបរដោយក្មេងប្រុសជំទង់ម្នាក់ឈ្មោះយ៉ុន សុភ័ក្រ អាយុ១៦ឆ្នាំ បានដឹកព្រះសង្ឃ២អង្គ ទី១-ព្រះនាមគឹម ចន្នី ព្រះជន្ម២៦ឆ្នាំ ទី២-ព្រះនាមជិន គង់ ព្រះជន្ម២៥ឆ្នាំ។ ព្រះសង្ឃទាំង២អង្គ គង់នៅវត្តស្លាបលែង ភូមិក្រាំងក្រូច ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ចំណែកជនរងគ្រោះ ឈ្មោះជុំ ឫទ្ឋី ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិកើតហេតុ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់បានឃើញម៉ូតូ១គ្រឿងខាងលើ បើកដោយក្មេងប្រុសជំទង់ ដឹកព្រះសង្ឃ២អង្គ ឆ្លងកាត់ភូមិទិសដៅពីលិចទៅកើត។ ខណៈមកដល់កន្លែងកើតហេតុ ម៉ូតូបង្កបានជ្រុលបុកជនរងគ្រោះ ដែលកំពុងដើរឆ្លងថ្លល់ពីជើងទៅត្បូង បណ្តាលឲ្យជនរងគ្រោះ ដួលបោកនឹងថ្នល់ រងរបួសធ្ងន់។ ចំណែក អ្នកបើកម៉ូតូ និងព្រះសង្ឃទាំង២អង្គ រងរបួសស្រាល។
ក្រោយពេលកើតហេតុ សមត្ថកិច្ច បានចុះដល់ទីតាំងកើតហេតុ ប្រញាប់បញ្ជូនជនរងគ្រោះមកកាន់មន្ទីរពេទ្យខេត្ត ដើម្បីសង្គ្រោះជីវិត។ ចំណែកម៉ូតូបង្ក សមត្ថកិច្ចដកហូតយកមករក្សាទុកនៅប៉ុស្តិ៍នគរបាល រង់ចាំដោះស្រាយតាមច្បាប់នៅពេលក្រោយ៕ សេនាស័ក