ព័ត៌មានទាន់ហេតុការណ៍៖

ការដ្ឋាន ឧកញ៉ា លឹម ប៊ុណ្ណា បំផ្ទុះថ្មប៉ើងដុំថ្មទៅត្រូវក្បាលស្ត្រីម្នាក់ស្លាប់ពេលទួលបាយយកឲ្យប្តីនៅស្រែ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ ស្ត្រីម្នាក់ខណៈកំពុងដើរទួលបាយយកទៅឲ្យប្តីនៅឯស្រែត្រូវថ្មមួយដុំធំ ដែលខ្ទាតចេញពីការបំផ្ទុះនៅក្នុងការដ្ឋានបណ្ដាលឲ្យត្រូវចំក្បាលបែករយះស្លាប់ភ្លាមៗនៅនឹងកន្លែងក្នុងចម្ងាយជិត១គីឡូម៉ែត្រពីការដ្ឋានវាយថ្ម។ អ្វីដែលហួសចិត្តនោះគឺបន្ទាប់ពីមានហេតុការណ៍នេះកើតឡើង ម្ចាស់ការដ្ឋានបង្កដែលគេស្គាល់ថាជាកម្មសិទ្ធិរបស់ ឧកញ៉ាលឹម ប៊ុណ្ណា អតីតជាឈ្មួញឈើដ៏ល្បី និងបច្ចុប្បន្នក៏ជាឈ្មួញរកស៊ីដ៏មានឥទ្ធិពល នៅក្នុងទឹកដីខេត្តត្បូងឃ្មុំនោះ នៅមិនទាន់ចេញមុខមកទទួលខុសត្រូវជាមួយជនរងគ្រោះជាអ្នកស្រែនៅឡើយ។

ករណីដុំថ្មខ្ទាតចេញពីការដ្ឋានបំផ្ទុះយកថ្មបណ្ដាលឲ្យត្រូវស្ត្រីម្នាក់ស្លាប់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១១ និង១៥នាទីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចក្បែរការដ្ឋានរណ្ដៅបំផ្ទុះយកថ្មទី2 ខាងកើតការដ្ឋានកិនថ្មលឹម ប៊ុណ្ណា ស្ថិតនៅភូមិស្រែសៀម ឃុំជីរោទ៍ទី2 ស្រុក-ខេត្តត្បូងឃ្មុំ។

សពស្ត្រីរងគ្រោះឈ្មោះខេង សំណាង អាយុ34ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅក្នុងស្រុក ភូមិកើតហេតុខាងលើ ។

តាមប្រភពព័ត៌មានពីប្តីស្ត្រីរងគ្រោះបានឲ្យដឹងថា នៅព្រឹកកើតហេតុ គាត់បានចេញពីផ្ទះទៅស៊ីឈ្នួលច្រូតស្រូវឱ្យគេដើម្បីយកប្រាក់មកផ្គត់ផ្គង់ជីវភាពគ្រួសារ។ ចំណែកប្រពន្ធរបស់គាត់មិនបានទៅស្រែជាមួយគាត់ទេ ព្រោះជាប់រវល់ចូលរួម ភ្ជាប់ពាក្យកូន អ្នកជិតខាង។លុះរហូតដល់វេលាម៉ោងជាង១១ព្រឹកប្រពន្ធរបស់គាត់បានយកបាយទៅឱ្យគាត់ នៅ កន្លែងវាលស្រែច្រូតស្រូវ។ ពេលនោះស្រាប់តែឮសំឡេងសុីរ៉ែនរោទិ៍ចេញពីការដ្ឋានវាយថ្ម ដែលជាសញ្ញាឲ្យប្រជាពលរដ្ឋរស់នៅជិតការដ្ឋានប្រុងប្រយ័ត្ន ព្រោះគេជិតបំផ្ទុះថ្មហើយ។បន្តិចក្រោយមក ស្រាប់តែឮស្នូរសំឡេងផ្ទុះកក្រើកឡើងដែលជាសំឡងបំផ្ទុះថ្ម។លុះ ពេលស្ងប់ស្ងាត់ទើបមាន គេរត់ទៅប្រាប់គាត់ថា ប្រពន្ធរបស់គាត់ដេកស្លាប់ នៅប្រហែលជាង៧០០ម៉ែត្រពីការដ្ឋានបំផ្ទុះថ្ម ដោយមានស្នាមត្រូវរបួស រយះក្បាលចេញខួរទៀតផងដោយនៅក្បែរនោះ គេបានរកឃើញបំណែកដុំថ្មមួយដុំធំមានទំហ៊ំប្រមានជិតប៉ុនលលាដ៏ផ្លែដូង មានឈាម និងសក់ជាប់នៅដុំថ្ម នោះទៀតផង ទើបធ្វើឲ្យគេសន្និដ្ឋានថាប្រពន្ធ របស់គាត់ស្លាប់ដោយសារតែដុំថ្មខ្ទាតចេញពីការបំផ្ទុះយកថ្មរបស់ឧកញ៉ាលឹម ប៊ុណ្ណាត្រូវចំក្បាលតែម្ដង។

ក្រោយទទួលបានព័ត៌មានខាងលើនេះ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំបានសហការជាមួយជំនាញ របស់អធិការដ្ឋាន នគរបាលស្រុកត្បូងឃ្មុំ និងកម្លាំងប៉ុស្តិ៏រដ្ឋបាលជីរោទ៌ទី 2 ដឹកនាំដោយលោកព្រះរាជអាជ្ញារងទៀវ ពណ្ណរាយ ចុះដល់កន្លែងកើតហេតុធ្វើការពិនិត្យសាកសពឃើញថា ពិតជាស្លាប់ដោយករណីផ្លោងដុំថ្មចេញពីការ បំផ្ទុះយកថ្ម នៅក្នុងការដ្ឋានខាងលើប្រាកដមែន។

តាមព័ត៌មានពីប្រចាពលរដ្ឋរស់នៅក្នុងភូមិនេះបានឲ្យដឹងថា រហូតមកដល់ព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧នេះ ករណីបំផ្ទុះយកថ្មបណ្ដាលឲ្យខ្ទាតត្រូវប្រជាពលរដ្ឋស្លាប់ខាងលើនេះ ខាងភាគីម្ចាស់ការដ្ឋាន គឺឧកញ៉ាលឹម ប៊ុណ្ណា នៅមិនទាន់ចេញមុខមកទទួលខុសត្រូវ និងដោះស្រាយសំណងជូនក្រុមគ្រួសារជន រងគ្រោះនៅឡើយទេដោយ គេគ្រាន់តែដឹងថាភាគីបង្កបានយកបច្ច័យទៅចូលបុណ្យសពតាមរយៈមេភូមិតែប៉ុណ្ណោះ។ ប្ដីរបស់សពស្ត្រីរងគ្រោះ បានសំណូមពរសូមឲ្យម្ចាស់ការដ្ឋានត្រូវតែចេញមុខមកទទួលខុសត្រូវ និងសូមឲ្យសមត្ថកិច្ចជួយពន្លឿនដំណោះស្រាយករណីនេះឲ្យបានលឿនផង។ជាមួយនេះដែរ

អ្នកភូមិបាននសំណូមពរសូមឲ្យអាជ្ញាធរ មានសមត្ថកិច្ចជួយពិនិត្យមើលទីតាំងការដ្ឋានយកថ្មរបស់លោកឧកញ៉ាលឹម ប៊ុណ្ណា ខាងលើនេះផងព្រោះកន្លងមកក៏ដូចបច្ចុប្បន្ន តែងតែបង្ករការភ័យខ្លាចដល់អ្នកភូមិដោយសារតែការដាក់រំសេវបំផ្ទុះយកថ្មទៅលក់បម្រើផលប្រយោជន៍ខ្លួនឯងមិនគិតផលប៉ះពាល់ដល់អ្នកភូមិ ៕ ប្រាថ្នា


ចែករំលែក៖