ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនបុរសជនជាតិឡាវម្នាក់និងគឿងញៀនជិត២គីឡូក្រាម

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿង នៃស្នងការដ្ឋាននគរបាល ខេត្តស្ទឹងត្រែង បានប្រតិបត្តិការណ៍ចុះបង្ក្រាបករណីជំនួញជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់ ដោយនាំចេញពីឡាវចូលមកកម្ពុជា ក្នុងស្រុកសៀមប៉ាង បានចាប់ដកហូតបានគ្រឿងញៀនចំនួន២បញ្ចប់ធំ មានទម្ងន់ ជិត២គីឡូក្រាម រួមនឹងឃាត់ខ្លួនជនសង្ស័យបុរសជាតិឡាវម្នាក់ កាលពីវេលាម៉ោង៣ និង៤០នាទីរសៀល ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុច​មាត់ទន្លេនៃ កោះឫស្សី ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំសន្តិភាព ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។

​លោកឧត្តមសេនីយត្រី សាន់ និមល ស្នងការរងទទួលផែនបទល្មើសគ្រឿងញៀននៃស្នងការខេត្តស្ទឹងត្រែង បានប្រាប់កាលពីវេលាម៉ោង១១និង៦នាទីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧នេះ ឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនខាងលើនោះមានឈ្មោះ ស៊ី រិញ៉ាក់​ វង្សប៉ក់ មានអាយុ២៨ឆ្នាំ ជនជាតិឡាវ រស់នៅភូមិ ម៉ាក់ខ្ញៀវ ស្រុកប៉ាក់ង៉ើម រដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ ហើយក៏បានដកហូតយកបានវត្ថុតាង គ្រឿង ញៀនប្រភេទមេតំហ្វេតាមីន​ម៉ា​ទឹកកក(ice)ម្សៅក្រាមពណ៌សថ្លា ២កញ្ចប់ធំ មានទម្ងន់ស្មើនិង ១៩៩៨.៧ក្រាម ជិត២គីឡូក្រាម ។​

លោកបានប្រាប់បន្តថា នៅ
ខណៈនេះជនសង្ស័យកំពុងស្ថិតក្រោមការសាកសួរ និងរៀបចំចងក្រងកសាងសំណុំរឿងពីមន្ត្រីនគរបាលជំនាញ ប្រឆាំងបទល្មើសគ្រឿងញៀនខេត្តស្ទឹងត្រែង ។​

លោកបានបញ្ជាក់ថា ជនសង្ស័យខាងលើនោះ ជាមុខសញ្ញាថ្មី ដោយខាងកម្លាំងរបស់លោក បានធ្វើការទាក់ទាញដើម្បីស្វែងរកមេឈ្មួញដែលជាមេខ្លាំងធំៗនៅក្នុងប្រទេសឡាវ តែយើងចាប់បានជនសង្ស័យស៊ីឈ្នួលកាន់គ្រឿងញៀនឱ្យមេខ្លាំងគ្រឿងញៀនធំៗតែប៉ុណ្ណោះ។

គ្រឿងញៀនទាំងអស់សុ​ទ្ធតែនាំយកមកពីប្រទេសឡាវ ដោយដឹកជញ្ជូនយកមកលក់នៅក្នុងប្រទេសរបស់យើង ពីក្រុមមេក្លោងធំៗទាំងនោះ ដែលគេមានលុយ បានប្រើអ្នកស៊ីឈ្នួលមិនបានចេញមុខដោយខ្លួនឯងនោះទេ វាមិនងាយស្រួលឡើយ ក្នុងការចាប់ខ្លួន របស់មេខ្លាំងគឿងញៀនធំៗនៅក្នុងប្រទេសឡាវ ។

បច្ចុប្បន្ន ជនសង្ស័យខាងលើនោះ គឺស្ថិតនៅក្នុងស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងនៅឡើយទេដោយឥឡូវនេះនៅកំពុងតែឱ្យមន្ត្រីជំនាញរបស់លោកសាកសួរ និងរៀចំកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការសាលាដំបូងខេត្តស្ទឹងត្រែងចាត់ការតាមច្បាប់ ៕ មាស សុផាត


ចែករំលែក៖