ខេត្តសៀមរាប៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបានចុះបង្ក្រាបករណីរក្សាទុក និង ជួញដូរ សារធាតុញៀនខុសច្បាប់រហូតឈានដល់ធ្វើការឃាត់ខ្លួនបានជនសង្ស័យ ប្រុស ស្រី ចំនួន២នាក់ កាលពីវេលាម៉ោង២០និង៤០នាទីយប់ថ្ងៃទី ៣០ ខែវិច្ឆិកាឆ្នាំ២០១៧ រហូតដល់វេលាម៉ោង១២ និង ១០នាទី រសៀល ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិជន្លង់ សង្កាត់សាលាកំរើក និង ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងខេត្តសៀមរាប រួចយកមកសួរនាំនៅការិយាល័យជំនាញ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការខេត្ត ចាត់ការទៅតាមផ្លូវច្បាប់។
លោកវរសេនីយ៍ទោ ណាម ណម បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្ត និង លោក ឧត្តមសេនីយ៍ត្រី អ៊ុំ អមរា ស្នងការរង ទទួលផ្នែកបទល្មើសប្រឆាំងគ្រឿងញៀនខេត្ត បានឲ្យកម្លាំងសមត្ថកិច្ចជំនាញ ចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ រហូតឈានដល់ធ្វើការឃាត់ខ្លួនបានជនសង្ស័យ ប្រុស ស្រី ចំនួន០២នាក់ ទី០១/ ឈ្មោះ ញឹម សុភឺន ហៅ លី រឺ វី ភេទស្រី អាយុ២៧ឆ្នាំ មុខរបរគ្មានទីលំនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប (រក្សាទុក និងជួញដូរ)(គ្មានសារធាតុញៀនក្នុងខ្លួន) និង ទី០២/ឈ្មោះ ខាត់ ស៊ីណារ៉ូ ភេទប្រុសអាយុ៣២ឆ្នាំ មុខរបរគ្មានទីលំនៅភូមិ២០ឧសភា សង្កាត់ស្វាយ ប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង(រក្សាទុក និងជួញដូរ)។
ក្រោយឃាត់ខ្លួនបានជនសង្ស័យសមត្ថកិច្ចបានដកហូតបានវត្ថុតាងរួមមាន៖ម្សៅម៉ត់ ពណ៌សប្រភេទកេតាមីន (ខេ) សរុបចំនួន៤៦កញ្ចប់ ស្មើនឹងទំងន់១១,៤ក្រាម (ថ្នាំសុទ្ធ) ថ្នាំគ្រាប់ប្រភេទអ៊ិចស្តាស៊ី(ថ្នាំគ្រវី) សរុបចំនួន៦២គ្រាប់ ស្មើនឹងទំងន់១៦,១ក្រាម (ថ្នាំសុទ្ធ) ថ្នាំទឹកប្រភេទកេតាមីនចំនួន០៥ដប, ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង, សំភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួន និងទូរស័ព្ទដៃចំនួន០៣គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាងត្រូវបានកម្លាំងជំនាញ រៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៧ ដើម្បីចាត់ការទៅតាមនីតិវិធី ៕ ប៊ុន រិទ្ធី