ប្រជាពលរដ្ឋរស់នៅក្នុងភូមិអូរត្រូន ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ បានឲ្យដឹងថាក្នុងមូលដ្ឋានពួកគាត់មានអាជីវកម្មរណ្ដៅមាសធំៗចំនួន១១រណ្ដៅកំពុងដំណើរការយ៉ាងរលូន ហើយមិនឃើញមន្ត្រីមន្ទីររ៉ែ និងថាមពលខេត្តក្រចេះ ក៏ដូចជាសមត្ថកិច្ចខេត្តក្រចេះ ចាត់វិធានការទប់ស្កាត់នៅឡើយទេ។ បើតាមប្រភពពីមន្ត្រីរាជការក្នុងមន្ទីររ៉ែ និងថាមពលខេត្តក្រចេះ បានឲ្យដឹងថា លោក សុខ គិរីរ័ត្ន ប្រធានមន្ទីររ៉ែ និងថាមពលខេត្តក្រចេះ គឺជាអ្នកឃុបឃិតឲ្យមានបទល្មើសអាជីវកម្មរ៉ែមាសយ៉ាងពេញបន្ទុកក្នុងឃុំក្បាលដំរី ស្រុកសំបូរ ដើម្បីជាថ្នូរនឹងផលប្រយោជន៍។
មន្ត្រីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋប្រជាពលរដ្ឋក្នុងឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ បានឲ្យដឹងថា មានជនជាតិខ្មែរ២នាក់ប្ដីប្រពន្ធឈ្មោះ គា និងឈ្មោះ ចែរូន គឺជាមេខ្លោងទៅនាំជនជាតិវៀតណាមដែលមានជំនាញខាងអាជីវកម្មរ៉ែមាសមកជីករណ្ដៅរ៉ែមាសនៅចំណុចអូរត្រូន ភូមិអូរត្រូន ឃុំក្បាលដំរី ស្រុកសំបូរ ស្រេចតែអំពើចិត្ត។ មន្ត្រីអាជ្ញាធរឃុំ អាជ្ញាធរស្រុក និងមន្ទីររ៉ែនិងថាមពលខេត្តក្រចេះ បានដឹងយ៉ាងច្បាស់ពីបទល្មើសអាជីវកម្មរ៉ែមាសនៅឃុំក្បាលដំរី ប៉ុន្តែប្រហែលមន្ត្រីទាំងនោះជាប់ពាក់ព័ន្ធផលប្រយោជន៍ទើបមិនចាត់វិធានការបង្ក្រាបបទល្មើស។ ជាងនេះទៅទៀតមានមន្ត្រីមន្ទីរពាក់ព័ន្ធចុះទៅប្រមូលផលប្រយោជន៍ពីម្ចាស់អាជីវកម្មរណ្ដៅរ៉ែមាសយ៉ាងក្រអឺតក្រទម ហើយបណ្ដោយឲ្យបទល្មើសរាលដាលកាន់តែខ្លាំងជាងមុនទៅទៀត។
មន្ត្រីរាជការនៅក្នុងមន្ទីររ៉ែនិងថាមពលខេត្តក្រចេះ បានឲ្យដឹងថា លោក សុខ គិរីរ័ត្ន ប្រធានមន្ទីរនិងបក្ខពួកមួយចំនួនតូចគឺជាអ្នកទទួលបានផលប្រយោជន៍ពីអាជីវកម្មរណ្ដៅរ៉ែមាសខុសច្បាប់នៅក្នុងឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។ ហេតុនេះហើយទើបលោក សុខ គិរីរ័ត្ន សម្ងំស្ងៀមទុកឲ្យអាជីវកម្មរណ្ដៅរ៉ែមាសធំៗ១១កន្លែងដំណើរការទៅយ៉ាងរលូន ហើយជនជាតិយួនមានប្រើគ្រឿងចក្រនិងសម្ភារៈទំនើបៗនិងរំសេវបំផ្ទុះដើម្បីធ្វើអាជីវកម្មរ៉ែមាសទៀតផង។ ដោយសារតែអាជីវកម្មរ៉ែមាសខុសច្បាប់ក្នុងភូមិអូរត្រូន ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ រាលដាលកាន់តែខ្លាំងទើបប្រជាពលរដ្ឋក្នុងមូលដ្ឋានអំពាវនាវឲ្យលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ចាត់វិធានការបង្ក្រាបបទល្មើសជាបន្ទាន់៕