ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកនឹងម៉ុតូ ដោយភាគីម្ខាងមានពាក់មួកសុវត្ថិភាព គ្រាន់តែរងរបួស ចំណែភាគីម្ខាងទៀត ដែលមិនពាក់មួកសុវត្ថិភាពបានរងគ្រោះរហូតដល់ស្លាប់នៅកន្លែងកើតហេតុ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង១៥និង៣០នាទីថ្ងៃ ពុធ ៣រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ នៅលើផ្លូវក្រាលគ្រួសក្រហម ចំណុច ភូមិទ័ពម្រាក់ ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកបសេដ្ឋបានប្រាប់ថា ភាគីម្ខាងដែលជិះម៉ូតូហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៥ ស្លាកលេខគ្មាន អ្នកបើកបរឈ្មោះ ភន វណ្ណះ ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិភ្នំកូប ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ រងរបួសបែកមុខ (សន្លប់ធ្ងន់) ឌុបប្រពន្ធពីក្រោយ ឈ្មោះ អិន ប៑ុណា ភេទស្រី អាយុ២៥ឆ្នាំ របួសបែកថ្ងាសធ្ងន់ ម៉ូតូខូចខាតធ្ងន់ ម៉ូតូគ្មានកញ្ចក់មើលក្រោយ អ្នកបើកបរមានមួកសុវត្ថិភាព។ ចំណែកភាគីម្ខាងទៀត (អ្នកស្លាប់)ជិះម៉ូតូម៉ាក C125 ពណ៌ខ្មៅ សេរីឆ្នាំ2008 ពាក់ស្លាកលេខ កំពង់ស្ពឺ 1B-6936 បើកបរដោយឈ្មោះ នឿន នី ភេទប្រុស អាយុ៣៣ឆ្នាំ នៅភូមិត្រពាំងវែង ឃុំផុង ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ (ស្លាប់) ម៉ូតូមានកញ្ចក់ អត់ពាក់មួកសុវត្ថិភាព។
ប្រភពបន្តថា គ្រោះថ្នាក់នេះ កើតឡើងដោយសារតែការធ្វេសប្រហែសរបស់ភាគីទាំងសងខាងគឺភាគី ភន វណ្ណៈ បើកលឿន ហើយភាគីអ្នកស្លាប់ ក៏បើកលឿនដូចគ្នា ទើបកើតហេតុការណ៍អាក្រក់បែបនេះ។ និយាយរួមគឺភាគីភន វណ្ណះ បើកបរពីលិចទៅកើត ចំណែកភាគីដែលស្លាប់បើកបរពីកើតទៅលិច។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះធ្វើកំណត់ហេតុវាស់វែង និងបញ្ជូនអ្នករបូសទៅកាន់មន្ទីរពេទ្យ ចំណែកវត្ថុតាងម៉ូតូទាំង២ខាងលើ ផ្នែកជំនាញបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋរង់ចាំដោះស្រាយតាមនីតិវិធី៕ សេនាស័ក្តិ