ខេត្តតាកែវ៖ ឪពុកម្តាយរបស់កុមារីរងគ្រោះ ដែលត្រូវលោកគ្រូម្នាក់បង្រៀននៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន បាទីវាយបណ្តាលឲ្យសន្លប់និងបានបញ្ជូនទៅព្យាបាលមន្ទីរពេទ្យនៅឯទីក្រុងភ្នំពេញជាច្រើនថ្ងៃមកហើយ ស្នើសុំឲ្យមានការដោះស្រាយណាមួយជូនពួកគាត់។
លោក សន សំបូ ដែលត្រូវជាឪពុកកុមារីរងគ្រោះ បានឲ្យដឹងថា កូនរបស់គាត់ឈ្មោះ សន ស្រីណុច ត្រូវបានលោកគ្រូឈ្មោះ មួង ទូច វាយនៅក្នុងម៉ោងបង្រៀនបណ្តាលឲ្យសន្លប់ នឹងមានអាការធ្ងន់រហូតដល់បញ្ជូនទៅសង្រ្គោះនៅឯទីក្រុងភ្នំពេញច្រើនថ្ងៃមកហើយ ដោយសារតែនៅមានសភាពធ្ងន់នៅឡើយ ហើយមកទល់ពេលនេះនៅមិនទាន់មានការដោះស្រាយណាមួយដើម្បីឲ្យពួកគាត់ទទួលយកបាននោះទេ ពាក់ព័ន្ធជាមួយសំណុំរឿងនេះ បើទោះបីជាគាត់បានសុំការអន្តរាគមន៍ពីសំណាក់អាជ្ញាធរហើយក៏ដោយ តែពួកគាត់ហាក់គ្មានគោលជំហរជួយដោះស្រាយគាត់នោះទេ។
គួររំលឹកផងដែរថា ហេតុការណ៍លោកគ្រូបានវាយសិស្សរហូតដល់សន្លប់នេះកើតឡើងកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្នុងវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន បាទី ដោយកុមារីរងគ្រោះឈ្មោះ សន ស្រីណុច រៀនថ្នាក់ទី៨ F ចំណែកលោកគ្រូដែលវាយឈ្មោះ មួង ទូច បានយកបន្ទាត់ដែកវាយពីក្រោយខ្នងបណ្តាលឲ្យមានស្នាមជំា ហើយនៅពេលដែលកុមារីរងគ្រោះដើរទៅផ្ទះបានដួលសន្លប់ពាក់កណ្តាលផ្លូវ ហើយចំពោះមូលហេតុ ដែលឈានដល់ការវាយនេះគឺគ្រាន់កុមារីរងគ្រោះឆ្លើយសំណួរមិនរួច។
ជុំវិញករណីខាងលើនេះលោក ហ៊ួង ចាន់ស៊ីវុត្ថា នាយកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន បាទី បានឲ្យដឹងថា ខាងសាលាបានហៅភាគីទាំងសងខាងមកសម្របសម្រួលរួចហើយ តែភាគីទាំងសងខាងមិនត្រូវគ្នានោះទេ ហើយចំពោះលោកគ្រូ មួង ទូច ខាងសាលាបានអប់រំណែនាំរូចហើយ។ ចំណែកលោក ង៉ាន់ សារី អធិការស្រុកបាទី បានឲ្យដឹងផងដែរថា សំណុំរឿងខាងលើនេះមិនទាន់បញ្ចប់នោះទេ បើភាគីទាំងសងខាងសម្របសម្រួលមិនត្រូវគ្នានោះ សំណុំរឿងនេះនឹងបញ្ជូនទៅកាន់សាលាដំបូងខេត្តតាកែវ៕ ភ្នំដា