ព័ត៌មានទាន់ហេតុការណ៍៖

អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ប្តឹង​សើរើ​ទៅ​តុលាការ​កំពូល​ ,​  សាលដីកា​តុលាការ​កំពូល​ គឺ​ បិទ​ផ្លូវ​តវ៉ា​

ចែករំលែក៖

ភ្នំពេញ​៖ មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​អតីត​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ កាលពី​ថ្ងៃទី​០៨​ ខែ​ធ្នូ​ ឆ្នាំ​២០១៧​ ប្តឹង​សុំ​សើរើ​បណ្ដឹង​នេះ​ឡើង​វិញ​ លើ​ការ​រំលាយ​គណបក្ស​នេះ​​។​ អ្នក​នាំពាក្យ​តុលាការ​កំពូល​ លោក​ នៅ​ មុនី​ជោត​ ថ្លែង​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ ៦រោច​ ខែ​មិគ​សិរ​ ឆ្នាំ​រកា​ នព្វ​ស័ក​ ព.ស​២៥៦១​ ត្រូវ​នឹង​ថ្ងៃ​ទី​០៩​ ខែ​ធ្នូ​ ឆ្នាំ​២០១៧​ ថ្ងៃ​ទី​០៩​ ខែ​ធ្នូ​ ឆ្នាំ​២០១៧​ នេះ​ថា​ តុលាការ​កំពូល​បាន​ទទួល​ពាក្យ​បណ្ដឹង​រួចហើយ​របស់​មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​អតីត​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​​ រហូត​មក​ទល់​ពេលនេះ​ តុលាការ​កំពូល​ ពុំ​ទាន់​សម្រេច​យ៉ាងណា​នៅ​ឡើយទេ​ ពោលគឺ​កំពុង​ពិនិត្យ​និង​ចាត់​ការ​តាម​នីតិវិធី​ ។​

យោង​តាម​សាលដីកា​របស់​តុលាការ​កំពូល​ កាលពី​ថ្ងៃទី​១៦​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧​ ការ​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ ផ្អាក​សកម្មភាព​នយោបាយ​របស់​បុគ្គល​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៨រូប​ គឺ​ ជា​ការ​សម្រេច​បិទ​ផ្លូវ​តវ៉ា​ ។

​ក្រសួង​មហាផ្ទៃ​ ក៏​សម្រេច​លុប​ឈ្មោះ​គណបក្ស​សង្គ្រោះ​ជាតិ​ ចេញ​ពី​បញ្ជី​គណបក្ស​នយោបាយ​ ហើយ​ផ្លាក​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់​​ រួចរាល់​ហើយ​ដែរ​ ។

កាលពី​ថ្ងៃទី​០៨​ ខែ​ធ្នូ​ ឆ្នាំ​២០១៧​ ម្សិលមិញ​ លោក​មេធាវី​ ផែង​ ហេង​ អម​ដំណើរ​ដោយ​លោក​អ៊ូ​ ច័ន្ទ​រ័ត្ន​ និង​ លោក​ កង​ គឹមហាក់​ បាន​ដាក់​ពាក្យ​បណ្តឹង​សុំ​ឱ្យ​​តុលាការ​កំពូល​ជំនុំ​ជម្រះ​សា​​ជា​ថ្មី​លើ​សំណុំ​រឿង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​​ជាតិ និង​សុំ​រក្សា​ការពារ​សមាជិក​ភាព​អតីត​តំណាង​រាស្ត្រ​ និង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ស្រុក-ក្រុង ខេត្ត-រាជធានី​របស់​អតីត​បក្ស​នេះ។

លោក​មេធាវី​ ផែង ហេង និយាយ​ថា​ រឿង​ក្តី​រំលាយ​គណបក្ស​សង្គ្រោះ​​ជាតិ គឺ​ជា​នីតិវិធី​ថ្មី​របស់​តុលាការ​កំពូល ហើយ​តុលាការ​នេះ​បាន​ប្រើ​ប្រាស់​ក្រម​នីតិវិធី​រដ្ឋប្បវេណី​ដើម្បី​ដំណើរ​ការ​រឿង​ក្តី​នេះ។ ដូច្នេះ​បើ​តាម​លោក​មេធាវី គឺ​លទ្ធភាព​នៃ​ការ​សើ​រើ​សំណុំ​រឿង​នេះ​ឡើង​វិញ​នៅ​តែ​មាន​៕​ ចេស្តា​


ចែករំលែក៖