ខេត្តតាកែវ៖ យ៉ាងហោចណាស់កម្មការិនី១៣៧នាក់ទៀតនៃរោងចក្រកាត់ដេរ ជេឌី តូយូស៊ីម៉ា ខូអិលធីឌី ស្ថិតក្នុងភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ បានដួលសន្លប់ជាបន្តបន្ទាប់ នាព្រឹកថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧។
តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាទី បានឲ្យដឹងថា កម្មការិនីរោងចក្រខាងលើ បានដួលជាបន្តបន្ទាប់ប្រមាណ១៣៧នាក់ទៀត ភ្លាមៗក្រោយពេលកើតហេតុ កម្លាំងនគរបាលបានអន្តរាគមន៍ជួយសង្គ្រោះដឹកទៅមន្ទីរពេទ្យស្រុកបាទី និងគ្លីនិកឯកជននៅជិតកន្លែងកើតហេតុ ហើយចំពោះមូលហេតុរហូតឈានដល់ការដួលសន្លប់ជាថ្មីនេះ ដោយសារតែកម្មករមានអការខ្សោយ ពុំបានហូបបាយពេលព្រឹក ពីព្រោះគ្មានអ្នកលក់បាយនៅមុខរោងចក្រដូចថ្ងៃធម្មតា ព្រោះថា បើតាមកំណត់ហេតុរបស់តំណាងនិយោជក និងអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ ចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៧ បានឯកភាពគ្នាឲ្យកម្មករចូលធ្វើការវិញនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ ប៉ុន្តែដោយមានការឯកភាពពីរដ្ឋមន្រ្តីក្រសួងការងារ បានសម្រេចឲ្យកម្មករចូលធ្វើការនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧វិញ។
គួររំលឹកផងដែរថា កាលពីថ្ងៃទី៦ ខែធ្នូ មានកម្មការិនីនៃរោចចក្រខាងលើចំនួន២០៩ នាក់ បានដួលសន្លប់ម្តងរួចមកហើយ ហើយកម្លាំងចម្រុះបានចុះទៅត្រួតពិនិត្រឃើញថា មូលហេតុដែលធ្វើឲ្យកម្មករដួលសន្លប់នេះ គឺបណ្តាលមកពី មានក្លិនម្យ៉ាងស្រដៀងនឹងត្របែកទុំ បានសាយភាយចូលក្នុងអគ្គារផលិតកម្ម ទើបធ្វើឲ្យកម្មករដួលសន្លប់ជាបន្តរបន្ទាប់៕ ភ្នំដា