ភ្នំពេញ៖ បុរសម្នាក់បើករថយន្តក្នុងល្បឿនលឿន ដោយស្ថានភាពផ្លូវងងឹត ក៏ជ្រុលចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យក្រឡាប់ផ្ងារជើងច្រងាង ចំណែកម្ចាស់រថយន្តរងរបួសបែកមុខមាត់។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃសុក្រ ៥រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចជិតស្តុបទំបន់កប់ស្រូវ ផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើករថយន្តម៉ាកNissan ពណ៌ស ពាក់ស្លាកលេខចង្កូតស្តាំ PP 1007 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនដោយស្ថានភាពងងឹត រួមទាំងទ្រូងផ្លូវក្រសួងសាធារណការទើបនឹងដាក់ផង ក៏ជ្រុលបុកពេញទំហឹងបណ្តាលឲ្យក្រឡាប់រថយន្តផ្ងារជើងចំណែកម្ចាស់រងរបួសបែកមុខបែកមាត់ ដោយឡែកទ្រូងផ្លូវរងកាខូចខាតអស់មួយកង់។
ក្រោយកើតហេតុជនរងគ្រោះត្រូវបានបងប្អូនបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗចំណែករថយន្តត្រូវបានសមត្ថកិច្ចមូលដ្ឋាន សហកាជាមួយជំនាញចរាចរណ៍ជើងគោកមកស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីរង់ចាំដោះស្រាយតាមច្បាប់។
គួរបញ្ជាក់ថា ទីតាំងខាងលើទើបនឹងដាក់របាំងថ្មពុះចែកទ្រូងផ្លូវរយះពេលខ្លី ហើយក៏មានគ្រោះថ្នាក់រថយន្តបើកបុកជាលើកទី២ផងដែរនៅទីតាំងតែមួយ៕ សុខាសែនជ័យ