ព័ត៌មានទាន់ហេតុការណ៍៖

បែកធ្លាយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេអឹមខេប្រើទិន្នន័យបំប៉ោងហើយផាកពិន័យតាមចិត្តធ្វើឲ្យកូនបំណុលវ័ណ្ឌក

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ កាលពីថ្ងៃ៦រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧ មានករណីបែកធ្លាយថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេអឹម ខេសាខាស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យកំពុងតែប្រើល្បិចបន្លំប្រជាពលរដ្ឋដែលជាអតិថិជនខ្លួនតាមរយៈការដំឡើងតួលេខទឹកប្រាក់ក្នុងគណនីកម្ចី និងប្រើល្បិចដាក់ការ ផាកពិន័យបែបអនាធិបតេយ្យទៅលើបុគ្គលណាដែលមិនគោរពកិច្ចសន្យា។ បានន័យ ថា ទោះបីជាបុគ្គលណាដែលបង់ប្រាក់បានទៀងទាត់យ៉ាងណាក៏ដោយបើមិនផុតឆ្នាំ កំណត់មានប្រាក់ចង់បង់ផ្ដាច់ដើម្បីចៀសឲ្យ ផុតពីបំណុលវ័ណ្ឌកនោះក៏ត្រូវផាកពិន័យដែរដោយមានហេតុផលថាជាបទបញ្ជាផ្ទៃក្នុងអង្គភាព ។

ត្រង់ចំណុចដែលផាកពិន័យបែបអនាធិបតេយ្យកំណត់ទឹកប្រាក់ដោយខ្លួនឯងនេះធ្វើឲ្យប្រជាពលរដ្ឋដែលបានប្រើប្រាស់សេវាកម្ចីពីគ្រឹះស្ថានមីគ្រូហិរញ្ញវត្ថុជាច្រើន និងមិនមានការឈ្វេងយល់នោះធ្វើឲ្យជាប់បំណុលវ័ណ្ឌកដោះមិនរួចរហូតដល់អ្នកខ្ចីដាក់វត្ថុនានាអស់ដីអស់ផ្ទះសម្បែងជាដើម។

ជាក់ស្ដែងប្រជាពលរដ្ឋនៅភូមិរំចេក២គ្រួសារបានចាញ់បោកអស់២លើក និង តរវ៉ាទាមទារយកប្រាក់មកវិញបានខ្លះ និង មួយគ្រួសារទៀតកំពុងងឿងឆ្ងល់ថា ខ្ចីលុយ បានតែ៦លានរៀលបែរជានៅក្នុងបញ្ជី៦លាន៦០ម៉ឺនរៀលដែលភាគីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេអឹមខេអនុវត្តរាល់ថ្ងៃដែលបានប្រាប់ពួកគាត់ថា ជាទឹកប្រាក់តម្កល់តែធាតុពិតជាទឹកប្រាក់កេងបន្លំយកពីពួកគាត់គឺ ឲ្យពួកគាត់បង់គ្រប់ចំនួនដោយមាននៅ ក្នុងបញ្ជី ។

ប្រជាពលរដ្ឋម្នាក់ឈ្មោះ ហៀក គួ រស់ នៅភូមិរំចេកបានឲ្យដឹងថា គាត់បានខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេអឹមខេចំនួន២ លើកមកហើយ។ លើកទីមួយខ្ចីជាក្រុម ចំនួន៣លានរៀលបែរជាខាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនេះចុះក្នុងបញ្ជីប្រាក់កម្ចីរហូតដល់៣លាន៣០ម៉ឺនរៀលក្នុងកិច្ចសន្យា សងដើម៨ខែ។ ពេលសងដើមបែរជាគិត៣លាន៥៥ម៉ឺន៥ពាន់១០០រៀលទៅវិញដែលគាត់បង់ការមិនដែលខកខាន ។

គាត់បានខ្ចីជាលើកទី២ចំនួន១០លានរៀលសងដើម និងបង់ការប្រាក់ទៀងទាត់រាល់ខែចំនួន៧ខែទៅបង់ផ្ដាច់បែរជាឲ្យគាត់បង់រហូតដល់១០លាន៥៥ម៉ឺន៣០០រៀលលើសពីប្រាក់ដើមដែលគាត់បានខ្ចី។ លើក ទី១គាត់បានតវ៉ាបានប្រាក់៣០ម៉ឺនរៀល មកវិញ និងលើកទី២គាត់តវ៉ាបានប្រាក់៥០ ម៉ឺនរៀលមកវិញតែចំនួនទាំងនេះក៏នៅតែ មិនគ្រប់ចំនួនដែលគេបានបោកគាត់ដែរ។

ប្រជាពលរដ្ឋរូបនេះបានបញ្ជាក់ថា នេះជាចំណុចដែលចាត់ទុកថាជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេអឹមខេមេបោកក្នុងស្រុកខ្មែរ ដែលប្រើគ្រប់ល្បិចកលឆបោក កេងប្រវ័ញ្ចធ្វើស្រែលើខ្នងរាស្រ្ដធ្វើឲ្យជំពាក់បំណុលវ័ណ្ឌកដោះបំណុលមិនរួចរហូតម្នាក់ចាញ់បោកដល់២ដង។ ចុះបើអ្នកមិនបានតវ៉ា មិនបានដឹងចាញ់បោករហូតនៅទូទាំប្រទេសតើត្រូវគិតយ៉ាងណា?

លោក ធាវី វិសុទ្ធ ប្រធានតំបន់ភូមិភាគ៤របស់គ្រឹះស្ថានមេក្រូហិរញ្ញវត្ថុអេអឹមខេ បានឲ្យដឹងថា អ្វីដែលអង្គភាពបានអនុវត្តគឺតាមច្បាប់របស់ធនាគារជាតិដែលបានដាក់ជូនព្រោះធនាគារជាតិជាអាណាព្យាបាល៕ ប៉ែន នួន


ចែករំលែក៖