ភ្នំពេញ៖ ស្ទើរតែហោះចេញពីសង្វៀនប្រកួតពេលឮសំឡេងគណៈកម្មការប្រកាសថា កីឡាការិនីបង្កោលក្រហមទទួលបានជ័យជម្នះ ខណៈដែលកីឡាការិនី អេ យ៉ានុត ដែលគេស្គាល់ថា ជាកូនស្រីរបស់លោក អេ ភូថង ត្រូវបានចាញ់ពិន្ទុកីឡាការិនីជនជាតិបារាំងឈ្មោះ Emilie Petrovic ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរអន្តរជាតិលើកទី១ជាផ្លូវការកាលពីយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ នៅពហុកីឡដ្ឋានជាតិ ។
ការភ័ន្តច្រឡំរបស់កីឡាការិនីវ័យក្មេង អេ យ៉ានុត ដោយសារតែនាងភ្លេចថាខ្លួននាងស្ថិតនៅបង្គោលខៀវ ដោយកន្លងមករាល់ការប្រកួតអន្តរជាតិនៅតាមសង្វៀន ដទៃកីឡាករកីឡាការិនីម្ចាស់ផ្ទះភាគច្រើនស្ថិតនៅបង្កោលក្រហមតំណាងឲ្យកម្ពុជា។
សំឡេងស្រែកបន្លឺឡើងកងរំពង ខណៈ ដែលគណៈវិនិច្ឆ័យប្រកាសថាកីឡាការិនីបង្គោលក្រហមឈ្នះ ដោយពិន្ទុ (Red Conner) ភ្លាមនោះអេយ៉ានុតលោតឡើងខ្ពស់ ប៉ុន្តែត្រូវខ្មាសគេក្តោបមុខដើរចុះពីលើរេញ ដោយមិនបានមកទទួលរង្វាន់អ្វីឡើយ ដោយសារតែការភ័ន្តច្រឡំ ។
ដោយឡែក Emilie Petrovic ស្ទើរចង់ គាំងបេះដូង បន្ទាប់ពីគណៈកម្មការប្រកាសបញ្ជាក់ជាថ្មីម្តងទៀតគឺកីឡាការិនីជនជាតិបារាំង វ័យ៣០ឆ្នាំជាអ្នកទទួលបានជ័យ ជម្នះលើកីឡាការិនីអេ យ៉ានុតដោយពិន្ទុ។ នាងEmilie Petrovic សម្រក់ទឹកភ្នែក ដោយរំភើបនឹងជ័យជម្នះលើកីឡាការិនីម្ចាស់ផ្ទះ ខណៈនោះEmilie Petrovicញញឹមទាំងទឹកភ្នែកហូរកាត់ផែនថ្ពាល់ទាំងគូរបស់នាង រួមជាមួយមិត្តរួមជាតិ របស់នាងដែរ ។
គួររំលឹកថា ការប្រកួតកីឡាប្រដាល់គុនខ្មែរអន្តរជាតិលើកទី១ជាផ្លូវការក្រោមការរៀបចំ របស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិនេះ ក្នុងគោលបំណងទាក់ទាញ កីឡាករកីឡាការិនីឲ្យចូលរួមហ្វឹកហាត់ កីឡាគុនខ្មែរដើម្បីកៀរគរសមាជិកបណ្តាប្រទេសដទៃទៀត ទទួលបានសិទ្ធិស្រប ច្បាប់របស់អន្តរជាតិ ក្នុងការដាក់បញ្ចូល ប្រភេទកីឡាប្រដាល់គុនខ្មែរចូលក្នុងព្រឹត្តិ ការណ៍កីឡាស៊ីហ្គេមនាឆ្នាំ២០២៣ដែល កម្ពុជាធ្វើម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២នោះ។
សម្រាប់ជាលទ្ធផលប្រកួតចំនួន៦គូ ក្នុង នោះកីឡាករកម្ពុជា២នាក់គឺ ឃុំ ឌីម៉ា និង កីឡាករ ឌុម កែវដា ទទួលបានជ័យជម្នះ ខណៈដែលកីឡាការិនី អេ យ៉ានុត ចាញ់ពិន្ទុ កីឡាការិនី បារាំងទាំងប្រផុតប្រផើយ ។
សូមជម្រាបថា ការប្រកួតកីឡាប្រដាល់គុនខ្មែរអន្តរជាតិលើកទី១នេះ មានរយៈ ពេល៣ថ្ងៃដោយកីឡាករកីឡាការិនីមកពី១០ប្រទេសចូលរួមប្រកួតដណ្តើមខ្សែក្រវាត់ និងជាលក្ខណៈមិត្តភាព។
ក្នុងឱកាសនោះដែរ លោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានថ្លែងថា គោលដៅនៃការបង្កើតសហព័ន្ធកីឡាគុនខ្មែរអន្តរជាតិ ដើម្បីត្រៀមបញ្ចូលដាក់ប្រដាល់គុនខ្មែរ ក្នុងកម្មវិធីប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ សហព័ន្ធកីឡាគុនខ្មែរអន្តរជាតិយើងមានភាពស្របច្បាប់អនុលោមតាមធម្មនុញ្ញ SEA Games ដែលចែងថា ប្រទេសម្ចាស់ ផ្ទះអាចបញ្ចូលកីឡាប្រពៃណី១ប្រភេទ ក្នុងកម្មវិធីប្រកួត ត្រូវតែមានសហព័ន្ធកីឡាគុនខ្មែរអន្តរជាតិរបស់ខ្លួន ៕ សារីម