ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមមន្ត្រីជលផលខេត្តកំពង់ធំអះអាងថា បានចែករំលែកប្រយោជន៍ជូនថ្នាក់ដឹកនាំក្រសួងដែរ ទើបមានបទល្មើសនេសាទ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ឆ្លើយតបនឹងការរិះគន់របស់ប្រជាពលរដ្ឋ ក៏ដូចជាប្រជានេសាទក្រីក្រតូចតាចនៅខេត្តកំពង់ធំ ក្រុមមន្ត្រីជលផលខេត្តនេះនាំមុខដោយលោកប៉ែន វណ្ណរិទ្ធ អមដោយសហការី ដែលមានជំនាញក្នុងការរកប្រាក់បានដើរនិយាយថា ប្រសិនបើគេមិនអនុញ្ញាតឲ្យមានបទល្មើសនេសាទនៅក្នុងមូលដ្ឋានបឹងទន្លេសាបទេនោះ តើពួកគេមានប្រាក់ឯណាដើម្បីបង់ឲ្យមន្ត្រីថ្នាក់លើរបស់ខ្លួន? ដោយមិនសំដៅទៅលើបុគ្គលណាម្នាក់ ក្រុមមន្ត្រីជលផលនៅខេត្តកំពង់ធំអះអាងថា ប្រសិនបើពួកគេមិនចែករំលែកផលប្រយោជន៍ខ្លះឲ្យថ្លាក់លើទេនោះ ម្ល៉េះពួកគេត្រូវក្រសួង(Sic)ដកដូចកូនស្ពៃទៅហើយ។

ប្រជាពលរដ្ឋអ្នកនេសាទនៅខេត្តកំពង់ធំយល់ស្របចំពោះការលើកឡើងនេះ ប៉ុន្តែថា គួរតែមានការយោគយល់ខ្លះ សម្រាប់ប្រជាពលរដ្ឋក្រីក្រដែលនេសាទដើម្បីចិញ្ចឹមក្រពះ។ សម្រាប់ក្រុមមន្ត្រីជលផលឯណោះវិញឆ្លើយតបថា បើពួកគេមិនចាប់អ្នកប្រព្រឹត្តល្មើស តើពួកគេមានអ្វីជាស្នាដៃដើម្បីបន្លំភ្នែកថ្នាក់លើខ្លះ? ដូច្នេះមានតែចាប់ក្រុមអ្នកប្រព្រឹត្តល្មើសដែលមិនបង់ប្រាក់តែប៉ុណ្ណោះ។ នេះជារឿងពិតដែលមិនអាចបន្លំបានទេ ពីព្រោះសមត្ថកិច្ចរដ្ឋបាលជលផលមិនអាចទៅចាប់អ្នកដែលបង់ប្រាក់ឲ្យខ្លួនរួចហើយនោះឡើយ។

នៅខេត្តកំពង់ធំ បទល្មើសនេសាទបានបង្កឲ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ចំពោះអាជ្ញាធរជាខ្លាំង។ ថ្នាំងថ្នាក់ក៏ព្រោះតែអ្នកក្រីក្រមិនអាចនេសាទបាន ហើយជាពិសេសឈ្មួញជនជាតិវៀតណាមអាចនេសាទបានដោយសេរី។ តើពលរដ្ឋខ្មែរណាម្នាក់ដែលមិនឈឺចាប់ចំពោះទង្វើមន្ត្រីជលផលខ្មែរបែបនេះ។ អាជ្ញាធរខេត្តកំពង់ធំយល់ថា វាជាបញ្ហាដែលធ្វើឲ្យបាត់បង់ការគាំទ្រចំពោះគោលនយោបាយរាជរដ្ឋាភិបាលដែរ ប៉ុន្តែវាជារឿងបាតដៃខ្នងដៃ សុទ្ធតែសាច់។

នៅខេត្តកំពង់ធំ លោកយ៉ាន់ វិសាក់ ហៅសែ មានតួនាទីជានាយផ្នែករដ្ឋបាលផាត់សណ្តាយ ត្រូវគេចាត់ទុកថាជាមេក្លោងក្នុងការចុះអនុវត្តផ្ទាល់ប្រព្រឹត្តល្មើស ក្រោមក្រសែភ្នែកលោកប៉ែន វណ្ណរិទ្ធ នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ។ បទល្មើសនេសាទកើតមានគ្រប់ទីកន្លែង គ្រប់រដូវកាលបាននិងកំពុងបំផ្លិចបំផ្លាញធនធានជលផលជារៀងរាល់ថ្ងៃក្នុងកម្រិតប្រកាសអាសន្នដ៏ធ្ងន់ធ្ងរគួរឲ្យកត់សម្គាល់ ក្រោមអំណាចរបស់ពួកមន្ត្រីជលផលទាំងនេះ ។ បទល្មើសជលផលទ្រង់ទ្រាយធំទាំងនោះរួមមាន៖

១ ការបើកឲ្យនេសាទត្រីដោយប្រើឧបករណ៍ឆក់ក្តៅ, ត្រជាក់ នៅតំបន់អភិរក្សជលផលអតីតឡូត៍លេខ២ ដែលកំពុងកើតមានជារៀងរាល់ថ្ងៃនេះ។

២ អនុញ្ញាតឲ្យជនសង្ស័យកាប់ព្រៃលិចទឹក ដែលជាកន្លែងសម្រាប់ឲ្យមច្ឆជាតិជ្រកនៅ ជាពិសេសវាបង្កឲ្យទៅជាការហូរច្រោះ, កំណកបាតបឹង ស្ទឹងព្រែករីងរាក់។

៣ បើកឲ្យឈ្មួញនេសាទដោយឧបករណ៍ណរ៉ាវ សាច់អួនក្រឡាញឹកទ្រង់ទ្រាយធំទាំងក្នុងរដូវបិទនេសាទ ក៏ដូចជាបើកនេសាទ។ ពួកគេអាចចាប់យកមេពួជត្រីក្នុងឱកាសត្រីពងកូន និងបម្លាស់ទីស្វែងរកចំណីនៅក្នុងភូមិសាស្ត្រឃុំពាមបាង និងឃុំបាត់សណ្តាយ។

៤ អនុញ្ញាតឲ្យឈ្មួញអូសលៀស ឬកៅលៀសចេញពីក្នុងភក់ ដោយប្រើម៉ាស៊ីនដែលច្បាប់ហាមឃាត់។

៥ អនុញ្ញាតឲ្យឈ្មួញរុញជន(លៀស) ដោយប្រើកម្លាំងម៉ាស៊ីន។

៦ បើកឲ្យអ្នកនេសាទដាក់ធ្នក់ស្រូបទាញយកផលប្រយោជន៍ពីធនធានជលផល ដែលឈ្មួញបែងចែកផលប្រយោជន៍ឲ្យក្នុងនោះមានឈ្មោះ ង្វៀង យ៉ាំងឡាំង, ផាន់ ផាន(អតីតមេឃុំពាមបាង), អ្នកទិញត្រីឈ្មោះ ពត សិកា… ដែលពួកឈ្មួញទាំងនេះបានបង់លុយឲ្យមន្ត្រីជលផលរាប់រយលានរៀល។

៧ អនុញ្ញាតឲ្យឈ្មួញអូសអួនគូ(យ៉ាំងកាវ) ចំនួន៧វង់ដែលកំពុងធ្វើសកម្មភាពនេសាទក្នុងបឹងទន្លេសាប ជាពិសេសក្នុងតំបន់អភិរក្សជលផលលេខ៤ទាំងយប់ ទាំងថ្ងៃ។ នៅទីនោះមានជនជាតិវៀតណាមចំនួន៥នាក់ ដែលមកពីឃុំកំពង់លួង ស្រុកក្រគរ៤នាក់ និងមកពីឃុំឆ្នុកទ្រូ(ខេត្តកំពង់ឆ្នាំង)ម្នាក់ ។

៨ ចាប់ជំរិតទារប្រាក់ពីជនសង្ស័យ ក្រោមហេតុផលពិន័យជាប្រាក់ដោយគ្មានតម្លាភាព។

គេរំពឹងថា អាជ្ញាធរខេត្តកំពង់ធំ ក៏ដូចជាក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទដែលបានសើមមាត់ សើមកជាមួយក្រុមមន្ត្រីជលផលខេត្តកំពង់ធំនោះ មេត្តាគិតគូរពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាឡើងវិញ ។ ពីព្រោះអ្វីដែលបាននិងកំពុងកើតឡើងនៅក្នុងបឹងទន្លេសាបខេត្តកំពង់ធំ វាជាការដុតកម្លោចទឹកចិត្តប្រជាពលរដ្ឋចំពោះរាជរដ្ឋាភិបាល៕ ហេង សូរិយា


ចែករំលែក៖