ព័ត៌មានទាន់ហេតុការណ៍៖

ឆក់កាបូបបានសម្រេចត្រូវប្រជាពលរដ្ឋដេញចាប់បានវាយឡើងទ្រមខ្លួនរួចប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំងនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានឃាត់ខ្លួនជនសង្ស័យ២នាក់ ពីបទលួចមានស្ថានទម្ងន់ទោសប្រើហិង្សា(ជិះម៉ូតូឆក់កាបូប)

កាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃច័ន្ទ៨រោចខែមិគសិរឆ្នាំរកាព.ស២៥៦១ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧នៅចំណុចផ្លូវលេខ៥១កែងផ្លូវលេខ២០៨ភូមិទី២សង្កាត់បឹងរាំងខណ្ឌដូនពេញរាជធានីភ្នំពេញ។

មន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននេះ ទី ១.ឈ្មោះម៉ាន់ ម៉េងហួរ ភេទប្រុសអាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ ទីលំនៅផ្ទះជួលផ្លូវលំ សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។ទី២.ឈ្មោះ យ៉ យាំុងថាវ ភេទប្រុសអាយុ១៨ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ៤៤ផ្លូវលេខ៣៦៩សង្កាត់ច្បារអំពៅទី១ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។ វត្ថុតាងចាប់យកបានម៉ូតូមួយគ្រឿងម៉ាកC125ពណ៌ខ្មៅពាក់ស្លាកលេខបាត់ដំបង1.B7537លេខតួ.ម៉ាសីុន9363791។ ជនរងគ្រោះឈ្មោះ សឿន ស្រីលក្ខ័ ភេទស្រីអាយុ២៨ឆ្នាំជនជាតិខ្មែរមុខរបរអ៊ុតសក់ មានទីលំនៅផ្ទះលេខ៥១ផ្លូវលេខ៥០៨សង្កាត់ផ្សារដើមថ្កូវខណ្ឌចំការមនរាជធានីភ្នំពេញ។ សំភារះបាត់បង់កាបូបដៃមួយពណ៌ខ្មៅមានលុយចំនួន១៩០ដុល្លានិងអត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរមួយត្រូវជនសង្ស័យបោះចោលរកពុំឃើញពេលប្រជាពលរដ្ឋដេញចាប់នាំគ្នាព្រួតវាយបណ្តាលអោយរបួស។

ប្រភពដដែរ បានបន្តទៀតថា មុនពេលកើតហេតុ នារីរងគ្រោះមានគ្នា៣នាក់ បាននាំគ្នាជិះម៉ូតូរ៉ឺម៉កម៉ូតូមួយគ្រឿងពីរផ្សារធំថ្មី បំណងទៅផ្សារបឹងកេងកង ដោយធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះជិះមកដល់ចំណុចខាងលើ ក៏ស្រាប់តែលេចមុខក្រុមជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកមួយគ្រឿងហុងដា C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ បាត់ដំបង ១B-៧៥៣៧ មួយគ្រឿងមកក្បែរធ្វើសកម្មភាពឆក់កាបូបដៃពណ៌ខ្មៅពីនារីរងគ្រោះបានសម្រេច ។ ភ្លាមនោះ នារីរងគ្រោះបានស្រែកឆោឡោថា ចោរៗ បន្កការភ្ញាក់ផ្អើលទៅដល់កម្លាំងព្រហ្មទណ្ឌខណ្ឌដូនពេញដែលកំពុងតែល្បាត ជិះដេញតាមធាក់ផ្តួល និងប្រជាពលរដ្ឋនៅក្បែរនោះនាំគ្នាចាប់វាយម្នាក់មួយដៃមួយជើងឡើងទ្រាមខ្លួន ប៉ុន្តែកាបូបដែលចោរឆក់បាននោះត្រូវជនសង្ស័យបោះចោលរកពុំឃើញ ។

ក្រោយកើតហេតុនារីរងគ្រោះទាំង៣នាក់បាននាំគ្នាមកដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្ត៍បឹង ចំណែកឯជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីកសាងសំណុំរឿងតាមនិតិវិធី ៕ស តារា


ចែករំលែក៖