ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលសហរដ្ឋអាមេរិកផ្តល់ថវិកាចំនួន ៣៥០ ០០០ ដុល្លាអាមេរិកដល់មូលនិធិប្រាសាទពិភពលោកសំរាប់អភិរក្សប្រាសាទភ្នំបាក់ខែង (ដំណាក់កាលទី ៥)

ចែករំលែក៖

ភ្នំពេញ៖ ស្ថានទូតសហរដ្ឋអាមេរិកនៅរាជធានីភ្នំពេញមានសេចក្តីរីករាយសូមប្រកាសថា មជ្ឈមណ្ឌលបេតិកភណ្ឌវប្បធម៌របស់ការិយាល័យកិច្ចការវប្បធម៌ និងអប់រំនៃក្រសួងការបរទេសសហរដ្ឋអាមេរិក បានផ្តល់ថវិកាចំនួន ៣៥០ ០០០ ដុល្លាអាមេរិក ដែលបានមកពីមូលនិធិឯកអគ្គរដ្ឋទូតអាមេរិកសំរាប់ការអភិរក្សវប្បធម៌ ដល់អង្គការមូលនិធិប្រាសាទពិភពលោក (WMF) សំរាប់ដំណាក់កាលទី ៥ ក្នុងការធ្វើការអភិរក្សប្រាសាទភ្នំបាក់ខែងដែលមានចំណាស់១០ ទសវត្សមកហើយ ក្នុងសួនឧទ្យានអង្គរ ។

កម្ពុជាស្ថិតក្នុងចំណោមប្រទេសចំនួន 9 ដែលរួមមានប្រទេសបូលីវី ភូមា អ៊ីស្រាអែល មិកសិក ម៉ូលដូវ៉ា នេប៉ាល់ សេរ៉ាឡេអូន និងប្រទេសថៃ ដែលបានទទួលជំនួយ នៅក្នុងឆ្នាំសារពើពន្ធ ២០១៧ សំរាប់ការអភិរក្សទីតាំងបូរាណ និងប្រវត្តិសាស្រ្ត តាមរយៈកម្មវិធីជំនួយថវិកាខ្នាតធំនៃមូលនិធិឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកសំរាប់ការអភិរក្សវប្បធម៌។

ប្រាសាទភ្នំបាក់ខែងគឺជាប្រាសាទដែលចាស់ជាងគេក្នុងសម័យអង្គរ ហើយជាស្ថាបត្យកម្មដ៏អស្ចារ្យបំផុតមួយរបស់ពិភពលោក។ តាំងពីឆ្នាំ ២០០៨ មក គំរោងអភិរក្សប្រាសាទភ្នំបាក់ខែងបានផ្តោតលើការធ្វើអោយសំណង់មានលំនឹង និងការទប់មិនអោយលិចទឹក នៅចំហៀងខាងកើតនៃប្រាសាទកណ្តាល ដោយទន្ទឹមនឹងនោះ បញ្ចូលសកម្មភាពគ្រប់គ្រងលើទីតាំង និងការបណ្តុះបណ្តាល។ ដំណាក់កាលទី ៥ របស់គំរោងនឹងបង្ហើយការជួសជុលពេញលេញទៅលើចំហៀងខាងកើតនៃប្រាសាទកណ្តាល ស្របតាមគំរោងប្លង់ជួសជុល ដែលត្រូវបានកំណត់ច្បាស់ នៅដំណាក់កាលមុនៗ។ អន្តរាគមនេះនឹងធ្វើអោយមានឡើងវិញនូវភាពដើមនៃសំណង់របស់ប្រាសាទ និងប្រព័ន្ធគ្រប់គ្រងទឹក ដោយប្រើសំភារៈបូរាណផង ទំនើបផង។ គំរោងនេះមានបំណងជំរុញអោយបានច្រើនដល់ចក្ខុវិស័យ នៃផែនការមេក្នុងការអភិរក្សប្រាសាទភ្នំបាក់ខែងដែលត្រូវបានកំណត់នៅឆ្នាំ ២០០៧ WMF បានរៀចំកម្មវិធីអភិរក្ស ដោយសហការជិតស្និទ្ធជាមួយអាជ្ញាធរជាតិអប្សារានិងអ្នកជំនាញនៃអអង្គការ UNESCO ដែលធ្វើការជួបប្រជុំគ្នាទៀងទាត់ តាមរយៈគណកម្មាធិការសំរបសំរួលអន្តរជាតិអង្គរ។

តាំងពីឆ្នាំ ២០០៤ មក អង្គការមូលនិធិប្រាសាទពិភពលោកបានទទួលថវិកាជាង ៣,២ លានដុល្លាអាមេរិកពីរដ្ឋាភីបាលអាមេរិក សំរាប់ធ្វើការអភិរក្សប្រាសាទភ្នំបាក់ខែង។ អង្គការមូលនិធិនេះគឺជាអង្គការឯករាជ្យឈានមុខគេ ដែលធ្វើការដើម្បីសង្គ្រោះកន្លែងដែលត្រូវបានគេផ្តល់តំលៃអោយបំផុត ក្នុងពិភពលោក។ អស់រយៈពេល ៤៥ ឆ្នាំហើយ អ្នកឯកទេសដែលមានជំនាញយ៉ាងខ្ពស់របស់អង្គការនេះបានប្រើបច្ចេកទេសដ៏មានប្រសិទ្ធភាព ដើម្បីធ្វើការអភិរក្សទីតាំងបេតិកភណ្ឌវប្បធម៌ និងស្ថាបត្យកម្មសំខាន់ៗនានា នៅជុំវិញពិភពលោក។

មូលនិធិឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកសំរាប់ការអភិរក្សវប្បធម៌ ត្រូវបានបង្កើតឡើងដើម្បីអភិរក្សទី តាំងបេតិកភណ្ឌវប្បធម៌សំខាន់ៗ។ ក្រៅពីប្រាសាទភ្នំបាក់ខែង រដ្ឋាភិបាលសហរដ្ឋអាមេរិកថែមទាំងបានផ្តល់អំណោយថវិកា ដើម្បីជួយអភិរក្សទីតាំងបេតិកភណ្ឌវប្បធម៌សំខាន់ៗដទៃទៀតនៅកម្ពុជា ដូចជាប្រាសាទហាន់ ជ័យក្នុងខេត្តកំពង់ចាម ប្រាសាទភ្នំដា នៅអង្គរបូរី ខេត្តតាកែវ ជាដើម។ ជំនួយសរុបរបស់សហរដ្ឋអាមេរិកសំរាប់ការអភិរក្សវប្បធម៌នៅកម្ពុជា មាន ចំនួន ៤ ២៧២ ៤៦៥ដុល្លាអាមេរិក ដែលក្នុងចំនួននេះ ៣ ៣២៦ ៣៦៥ ដុល្លាត្រូវបានផ្តល់អោយតាមរយៈមូលនិធិឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកសំរាប់ការអភិរក្សវប្បធម៌ ៕

 


ចែករំលែក៖