ការស្វែងរកសន្តិភាពរវាងប៉ាឡេស្ទីន និងអីស្រាអែល ពិបាកសម្រេចចិត្តនៅពេលដែលអាមេរិកមានចរិកលម្អៀងទៅលើ សម្ពន្ធមិត្តរបស់ខ្លួន គឺអីុស្រាអែល ដោយ ទទួលស្គាល់តំបន់ហ្ស៊េរុយសាឡឹម ជារដ្ឋ ធានីរបស់អីុស្រាអែល ។ ចំណែកប្រទេស នៅជុំវិញពិភពលោក ក្នុងនោះប្រទេសកាន់ សាសនាអ៊ិស្លាម ទាំងអស់បានដឹងថា ហ្ស៊េរុយសាឡឹមជារដ្ឋធានីរបស់ប៉ាឡេស្ទីនត្រូវអីុស្រាអែល វាយប្រហារដណ្តើមគ្រប់គ្រង រហូតមកទល់ពេលនេះ។
អាមេរិកដែលជាមហាអំណាច ជួយ ជំរុញ ឲ្យមានការចរចាសន្តិភាព រវាងអុី ស្រាអែល នឹងប៉ាឡេស្ទីន នៅពេលនេះ ហាក់កាន់ជើងអុីស្រាអែល ដោយបាន យល់ព្រម ទទួលស្គាល់ ហ្ស៊េរុយសាឡឹម ជារដ្ឋធានីរបស់អុីស្រាអែល។ ប៉ាឡេស្ទីននៅតែទាមទារចង់បានទឹកដីហ្ស៊េរុយសាឡិមខាងកើត ជាអនាគតរដ្ឋធានីរបស់ ខ្លួន។ អាជ្ញាធរប៉ាឡេស្ទីនអាចបែរខ្នង ដកខ្លួនចេញពីដំណើរការចរចាសន្តិភាព ជាមួយ អុីស្រាអែល ក្នុងករណីមានអាមេរិក ចូលរួម ព្រោះថា ប៉ាឡេស្ទីនលែងចាត់ទុកអាមេរិកជាអាជ្ញាកណ្តាលដែលអព្យាក្រឹតទៀតហើយ។
មួយវិញទៀត អាជ្ញាធរប៉ាឡេស្ទីនរបស់ លោកអាបាស ធ្វើនយោបាយបញ្ចុះបញ្ចូលការទូតដើម្បី ស្វែងរកការគាំទ្រ ពីអន្តរជាតិ ក្រៅតែពីអាមេរិក ឬមួយទៀត ប៉ាឡេស្ទីនអាចប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ដើម្បីឲ្យគេរកខុសត្រូវឲ្យប្រជាជនប៉ាឡេស្ទីន នៅក្រោយលោកដូណាល់ ត្រាំ ប្រកាសទទួលស្គាល់ហ្ស៊េរុយសាឡឹម ជា រដ្ឋធានីរបស់អុីស្រាអែល។
អាជ្ញាធរប៉ាឡេស្ទីន របស់លោកម៉ាមូដ អាបាស ដែលគ្រប់គ្រងរដ្ឋបាលលើទឹកដីស៊ីហ្សកដានី នឹងមិនអាចធ្វើខ្លាំង ប្រឆាំង តបតនឹងអាមេរិកនោះទេ ដោយសារតែ អាមេរិក ចង់ ឬមិនចង់ ជាប្រភពផ្តល់ហិរញ្ញវត្ថុសំខាន់មួយ ដែររបស់អាជ្ញាធរប៉ា ឡេស្ទីន។
ដើម្បី ឆ្លើយតបនឹងអាមេរិក ប្រមុខ អាជ្ញាធរប៉ាឡេស្ទីន បានត្រឹមតែសម្រុក សកម្មភាពការទូត តាមរយៈការជួបស្វែង រកការគាំទ្រ ពីមេដឹកនាំបណ្តាប្រទេស អារ៉ាប់។ លោកម៉ាមូដ អាបាស មេដឹកនាំ អាជ្ញាធរប៉ាឡេស្ទីន ដែលគ្រប់គ្រងរដ្ឋបាលទឹកដីស៊ីហ្សកដានី បាន ជួបព្រះចៅហ្សកដានីនៅថ្ងៃព្រហស្បតិ៍ទី៧ធ្នូ។ ប្រមុខដឹកនាំអាជ្ញាធរប៉ាឡេស្ទីនបានស្វែងរកការគាំទ្រផងដែរ ពីចិន ដែលបានអះអាងរួច ហើយថា នឹងជួយអន្តរាគមន៍លូកដៃ ក្នុងរឿងនេះ។ ទីក្រុងប៉េកាំង បានបង្ហាញ ជំហរ ប្រឆាំងការសម្រេចរបស់អាមេរិក ព្រោះថា សម្រាប់ចិន ការគ្រប់គ្រងទីក្រុងហ្ស៊េរុយសាឡឹម ដោយអុីស្រាអែល ឬប៉ា ឡេស្ទីន អាចកើតឡើង បានតែនៅក្នុង កិច្ចព្រមព្រៀង ការចរចាសន្តិភាពអុីស្រាអែល និងប៉ាឡេស្ទីនតែប៉ុណ្ណោះ។
ក្រៅតែពីជំរុញសកម្មភាពការទូតដើម្បីស្វែងរកការគាំទ្រពីសហគមន៍អន្តរជាតិ គេសង្កេតឃើញដែរថា អាជ្ញាធរប៉ាឡេស្ទីនកំពុងបង្កើនការផ្សះផ្សា ជាមួយក្រុម ហាម៉ាសប៉ាឡេស្ទីន ដែលជាក្រុមអ៊ិស្លាម ជ្រុលនិយម គ្រប់គ្រងទឹកដីហ្កាហ្សា។ ដោយសុខចិត្ត ចាប់ដៃ ធ្វើសម្ពន្ធភាព ជាមួយ ក្រុមហាម៉ាស ដែលជាគូប្រជែង របស់ខ្លួន អាជ្ញាធរប៉ាឡេស្ទីន គ្រោងនឹង ចង់ប្រមូលកម្លាំងប៉ាឡេស្ទីនតែមួយ ដើម្បីប្រឆាំងរួមគ្នានឹងអុីស្រាអែល។ បើហាម៉ាសលែងជាសត្រូវរបស់អាជ្ញាធរប៉ាឡេស្ទីន របស់លោកអាបាស នោះ អាជ្ញាធរប៉ាឡេស្ទីនអាចនឹងលែងសហការជាមួយ អុីស្រាអែល តទៅទៀត ក្នុងរឿងផ្តល់ ព័ត៌មានសម្ងាត់ ស្តីពីក្រុមហាម៉ាសទៅឲ្យ ប៉ូលិសអុីស្រាអែល។ រឿងនេះថាមិនត្រូវទេ ការសម្រេចរបស់លោកដូណាល់ ត្រាំ លើក នេះ នឹងអាចធ្វើឲ្យអាជ្ញាធរប៉ាឡេស្ទីន និងក្រុមហាម៉ាស រួមសហការ គ្នាជាធ្លុង មួយ ផងក៏អាចថា បានដែរ។
មួយវិញទៀត ដោយសារតែខឹងអន់ចិត្ត នឹងប្រធានាធិបតីអាមេរិក ដែល ប្រកាស ទទួលស្គាល់ហ្ស៊េរុយសាឡិមជារដ្ឋធានី របស់អុីស្រាអែលនេះ ប៉ាឡេស្ទីនបានគំរាម លុបចោល ជំនួប រវាងប្រធានអាជ្ញាធរ ប៉ាឡេស្ទីន និងលោកអនុប្រធានាធិបតី អាមេរិក លោកMike Pence។ ប៉ុន្តែ នៅថ្ងៃ ម្សិលមិញ សេតវិមាន បានព្រមានប៉ាឡេ ស្ទីនពីរឿងនេះ។ តាមគម្រោង អនុប្រធានា ធិបតី អាមេរិកត្រូវធ្វើដំណើរនៅពាក់កណ្តាលខែធ្នូនេះ ទៅអុីស្រាអែល និងនៅប៉ាឡេ ស្ទីន។ ប៉ុន្តែ នៅក្រោយការប្រកាស របស់លោកដូណាល់ ត្រាំទទួលស្គាល់ហ្ស៊េ រុយសាឡិម ជារដ្ឋធានីរបស់អុីស្រាអែល មន្រ្តីជាន់ខ្ពស់របស់គណបក្សកាន់អំណាចនៅប៉ាឡេស្ទីនបានអះអាងថា លោក Mike Penceនឹងមិនត្រូវគេស្វាគមន៍ទេ នៅប៉ាេឡ ស្ទីននោះ។
ប្រតិកម្មពីពិភពអារ៉ាប់ ប្រឆាំងនឹងការសម្រេចរបស់លោកដូណាល់ ត្រាំមាន ជាទូទៅ។ ប៉ុន្តែអ្វីដែលគេកត់សំគាល់ គឺសំឡេងរិះគន់មានទម្ងន់ មិនដូចគ្នា នោះទេ។ អុីរ៉ង់ និងទួរគី ដែលមិនចូលចិត្ត អាមេរិកស្រាប់ បានប្រើពាក្យធ្ងន់ៗរិះគន់ ចំណាត់ការរបស់លោកដូណាល់ត្រាំ ដែល គេចាត់ទុកជាមេភ្លើង បង្កហេតុ អសន្តិសុខ និងអំពើហិង្សានៅដើមបូព៌ា។
ចំណែកអារ៉ាប៊ីសាអ៊ូឌីត និងអេហ្ស៊ីប វិញ ដែលសំបូរប្រជាជនអ៊ិស្លាមរស់នៅ ច្រើន និងដែលធ្លាប់តែការពារបុព្វហេតុ របស់ប្រជាជនប៉ាឡេស្ទីន កន្លងមក គឺបានត្រឹមតែបញ្ចេញជំហរមិនយល់ស្រប ប៉ុន្តែ មិនអាចធ្វើសកម្មភាពជាក់ស្តែងណាមួយ ដើម្បី ប្រឆាំងនឹងអាមេរិកនោះទេ។ គេ អាចយល់បានពីរឿងនេះ ព្រោះថា អេហ្ស៊ីបបានទទួលជំនួយ យោធា រាប់ពាន់ លានដុល្លារពីអាមេរិក។ ចំណែកអារ៉ាប៊ីសាអ៊ូឌីតនៅតែត្រូវការអាមេរិក ដើម្បីទប់ ទល់នឹងអុីរ៉ង់ដដែល។
ចង់ឬមិនចង់ ភាពប្រេះឆា រវាងប្រទេស អារ៉ាប់ បានធ្វើឲ្យបុព្វហេតុការពារប៉ាឡេ ស្ទីន ឬការរួមគ្នាតែមួយ រវាងប្រទេស កាន់សាសនាអ៊ិស្លាម ដើម្បី ប្រឆាំងនឹងអុីស្រាអែលក្នុងតំបន់បានរលាយដូចអំបិលត្រូវទឹក។ នៅក្នុងអតីតកាល ប្រទេសអារ៉ាប់បានធ្វើសង្រ្គាមជាមួយ អុីស្រាអែល ដើម្បីទប់ទល់កុំឲ្យប្រទេសនេះដែលកាន់សាសនាជ្វីហ្វ លេបយកដែនដីរបស់អារ៉ាប់។ ប៉ុន្តែ ពេលនេះ សូម្បី អារ៉ាប៊ីសាអ៊ូឌីតជាដើម ដែលធ្លាប់តែជួយគាំទ្រប៉ាឡេស្ទីន ក៏សុខ ចិត្ត អារសាច់ ឲ្យខ្លា ពោល គឺបោះចោល បុព្វហេតុការពារប៉ាឡេស្ទីន ដើម្បីបានការ គាំទ្រពីអុីស្រាអែល។ ដើម្បី ទប់ទល់នឹង អុីរ៉ង់ អារ៉ាប៊ីសាអ៊ូឌីត យល់ឃើញថា ចំណងជាមួយ អុីស្រាអែល ដែលមានអុីរ៉ង់ ជាសត្រូវរួមជាមួយ អារ៉ាប៊ី គឺមានសារ សំខាន់ជាងការដែល អារ៉ាប៊ីសាអ៊ូឌីត នៅ ជាមួយ ប៉ាឡេស្ទីន ដែលគ្មានអនាគត នៅ តែចារដ្ឋត្រាំត្រែង មិនអាចកើតចេញជារូបរាងប្រទេសបាននោះឡើយ៕ ម៉ែវ សាធី