ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តទំនើបពីរគ្រឿងបើកបុកគ្នាត្រង់ចំណុចផ្លូវបំបែកជាបួន រងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តលុចសុីសRX400hមួយគ្រឿង បានបុកជាមួយរថយន្តកាមរីហាយព្រីក នៅផ្លូវបំបែកជាបួនយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងរងការខូចទាំងពីរយ៉ាងដំណំ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវ១៦៣កែងនិងផ្លូវ៤៦០ ក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងមុនពេលកើតហេតុ គេសង្កេតឃើញ រថយន្តស៊េរីថ្មី ម៉ាក កាមរីហាយព្រីក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AS-8876 បានធ្វើដំណើតាមបណ្ដោយផ្លូវលេខ163ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនល្មម ខណៈមកដល់កែងផ្លូវលេខ460 ដែលជាចំណុចកើតហេតុ ក៏ស្រាប់តែមានរថយន្តលុចសុីសRX-400hមួយគ្រឿងទៀត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ-6643 បានធ្វើដំណើតាមបណ្ដោយផ្លូវលេខ460 ទិសដៅពីលិចមកកើតក្នុងល្បឿនយ៉ាងលឿន ហើយមិនបន្ថយល្បឿន ក៏បុកជាមួយរថយន្តកាមរីហាយព្រីក ពីចំហៀងខាងស្ដាំយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តទាំងពីរគ្រឿង ផ្លោងទៅកែងផ្លូវលេខ460 ទិសខាងលិច ដោយរថយន្តឡិចស៊ីសរងការខូចខាតផ្នែកខាងមុខទាំងស្រុង ។

ចំណែករថយន្តកាមរីហាយព្រីក រងការខូចខាតកាងរថយន្តផ្នែកខាងស្ដាំទាំងមុខក្រោយយ៉ាងដំណំដូចគ្នា សំណាងល្អក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបានបង្កឲ្យមនុស្សរងរបួសនោះឡើយ។

ក្រោយពេលកើតហេតុ ម្ចាស់រថយន្តទាំងពីរគ្រឿង បានចេញពីកន្លែងកើតហេតុអស់ ដោយទុករថយន្តនៅនិងកន្លែង ។បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ និងទំនាក់ទំនងទៅកម្លាំងនគរបាលចរាចរណ៍ជើងគោក ចុះមកវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានី ដើម្បីរង់ចាំភាគីទាំងពីរចូលខ្លូនមកដោះស្រាយតាមនីតិវិធី៕ ស រស្មី


ចែករំលែក៖