ភ្នំពេញ៖ នគរបាយការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ នេះបញ្ជូនខ្លួនតៃកុងរថយន្ដម្នាក់មកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធបើករថយន្ដបុកបុរសស្លាប់នៅសង្កាត់គងនយ ខណ្ឌដង្កោ ដើម្បីចាត់ការតាមច្បាប់។
សមត្ថកិច្ចបានឱ្យដឹងថាបុរសជាតៃកុងរថយន្ដមានឈ្មោះ សាយ ពិស អាយុ២១ឆ្នាំ មុខរបរ បើករថយន្ដ ស្នាក់នៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ។ ចំណែកជនរងគ្រោះមានឈ្មោះ យូ ដារ៉ា ២០ ឆ្នាំ មុខរបរ អង្គរក្ស មានទីលំនៅភូមិព្រែកម៉េង ឃុំស្ដុះ ស្រុក សំរោងទង់ ខេត្ដកំពង់ស្ពឺ ។
គួររំលឹកថា កាលពីវេលាម៉ោង៩៖៣០នាទីថ្ងៃទី១១ ខែធ្នូ នៅចំណុចផ្លូវលេខ២០A ភូមិគងនយ សង្កាត់គងនយ ខណ្ឌដង្កោ មានករណីគ្រោះថ្នាក់មួយរវាងរថយន្ដបែនដឹកដីដែលពាក់ផ្លាកលេខចង្កូតស្ដាំPP-1612 បុកជាមួយម៉ូតូម៉ាក NEXពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ1E-9888បណ្ដាល ឱ្យបុរសម្នាក់ស្លាប់នៅកន្លែងភ្លាមៗ ៕ ចេស្តា