ភ្នំពេញ៖ ភាពភ្ញាក់ផ្អើលមួយ បានកើតឡើងបន្ទាប់ពី បុរសម្នាក់ដែលជាជនអណាថាកំពុងតែដើរម្នាក់ឯងតាមបណ្ដោយផ្លូវលេខ៧០ ស្រាប់តែខ្យល់គរដួលស្លាប់នៅតាមផ្លូវភ្លាមៗកាលពីវេលាម៉ោង៨និង៤៥នាទីព្រឹកថ្ងែពុធ ១០រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៧ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៧០ មុខក្រុមហ៊ុនលក់ម៉ូតូស៊ុយសុគី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសដែលគេស្គាល់ថាជាជនអណាថាម្នាក់ បានដើរតាមបណ្ដោយផ្លូវលេខ៧០ ពីម្តុំអង់តែនទួលគោកឆ្ពោះទៅរង្វង់មូលគួចកាណុង លុះដើរមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែគាត់មានអាការះមិនស្រួល ដាច់ខ្យល់គរដួលស្លាប់នៅតាមផ្លូវតែម្ដង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទៅដល់បានធ្វើកំណត់ហេតុរួច រថយន្ថសាម៉ុយរបស់មណ្ឌលសុខភាពដូនពេញ មកយកសពទៅរក្សាទុកនៅវត្តទួលសង្កែ ទៅធ្វើបុណ្យតាមប្រពៃណី៕ ស តារា