លោកប្រាក់ អ៊ីឡេង ប្រធានក្រុមល្បាតពិសេសនៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ត្រូវជាមិត្តភក្តិលោកប៉ាន់ មរកត ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ផងនោះ ត្រូវគេអះអាងថា ពេលនេះនៅតែបន្តគ្រប់គ្រងការចេញឈើពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដដែល។ ឈើដែលកាប់រួចត្រូវដឹកចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ចេញទៅខេត្តកំពង់ស្ពឺ តាមរយៈក្រុមឈ្មួញធំៗ ដែលធ្លាប់រកស៊ីពីមុន ។ ឈ្មួញធំៗនៅខេត្តកំពង់ស្ពឺ បើទោះបីជាធ្លាប់ជាប់ពន្ធនាគារក៏ដោយ ក៏ពួកគេមិនរអាក្នុងការរកស៊ីឈើនោះដែរ។
លោកប្រាក់ អ៊ីឡេងជាអ្នកដែលប្រមូលបានធនធានយ៉ាងច្រើនសម្បើមពីមហន្តរាយព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ។ ពួកឈ្មួញដឹកឈើតាមរថយន្តកែច្នៃត្រូវបង់ប្រាក់២កន្លែង ទី១គឺនៅស្នាក់ការរងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងមុនចេញផុតពីដែនជម្រកត្រូវបង់ឲ្យលោកប្រាក់ អ៊ីឡេង។ នៅឯស្នាក់ការរងត្រូវបង់ជូនលោកសិដ្ឋ ក្នុងមួយរថយន្តកែច្នៃ៦០ម៉ឺនរៀល ឬ១៥០ដុល្លារ។ នៅពេលផុតពីស្នាក់ការរង ត្រូវបង់ជូនលោកប្រាក់ អ៊ីឡេង មួយកន្លែងទៀត ដែលក្នុងមួយរថយន្តកែច្នៃបង់៨០ម៉ឺនរៀល ឬ២០០ដុល្លារ។ ពួកឈ្មួញនិយាយថា ប្រសិនបើមិនទាក់ទងលោកប្រាក់ អ៊ីឡេងជាមុនទេ នោះនឹងត្រូវប្រឈមចំពោះការចាប់ជាមិនខានឡើយ។
ក្នុងមួយថ្ងៃៗ រថយន្តកែច្នៃដឹកឈើរាប់សិបគ្រឿងចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ។ សម្រាប់លោកប្រាក់ អ៊ីឡេង មិនថា ដែនជម្រកសត្វព្រៃស្ថិតនៅក្នុងខេត្តពោធិ៍សាត់នោះទេ បើទោះជានៅខេត្តកំពង់ឆ្នាំង ឬខេត្តកំពង់ស្ពឺ ក៏ត្រូវតែបង់ប្រាក់ឲ្យលោក អ៊ីឡេងដែរ ។ មានន័យថា លោកប្រាក់ អ៊ីឡេង រាតត្បាតដើរប្រមូលយកប្រាក់ពីបទល្មើសនៃការដឹកជញ្ជូនព្រៃឈើចេញពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ហួសដែនសមត្ថកិច្ចរបស់ខ្លួនទៅទៀត។ ខ្លួនជាមន្ត្រីបរិស្ថានខេត្តពោធិ៍សាត់ ប៉ុន្តែដើរប្រមូលប្រាក់ដល់ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺឯណោះ។
បទល្មើសព្រៃឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ត្រូវគេរាយការណ៍ថាមិនមានការថមថយនោះឡើយ។ ក្រុមមន្ត្រីបរិស្ថានខេត្តពោធិ៍សាត់ ក្រោមអំណាចចាត់ចែងរបស់លោកប៉ាន់ មរកត មិនដែលខ្វល់នឹងការបង្ក្រាបអ្វីនោះឡើយ។ រីឯថ្នាក់ដឹកនាំក្រសួងបរិស្ថាន ក៏មិនដែលនឹកឃើញថា នឹងចាត់វិធានការបង្ក្រាបបទល្មើស និងដាក់ទោសទណ្ឌចំពោះមន្ត្រីដែលពុករលួយនោះដែរ។ ដូច្នេះហើយ ទើបលោកប្រាក់ អ៊ីឡេង ជិះសេះលែងដៃក្នុងការប្រព្រឹត្តអំពើពុករលួយក្នុងបទល្មើសព្រៃឈើនេះ៕