ភ្នំពេញ៖ លោកឯក ឃុនដឿន អភិបាលនៃគណះអភិបាលខណ្ឌទួលគោក បានបញ្ជាឲ្យមន្រ្តីរបស់ខ្លួនបន្តដឹកនាំកម្លាំងប្រជាការពារសាលាខណ្ឌ ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខុសច្បាប់មួយកន្លែង ដែលសម្ងំលាក់ខ្លួនពួននៅច្រកដឿងហែម ស្ថិតនៅផ្ទះលេខ៤៨ ផ្លូវលេខ២៤៧ ក្រុម២៦ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ។
លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ ដឹកនាំដោយក្រុមប្រឹក្សាសង្កាត់បឹងសាឡាង សហការជាមួយកម្លាំងប្រជាការពារសាលាខណ្ឌទួលគោក និងមានការចូលរួមពីនរគបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់បឹងសាឡាងផងដែរ ហើយមុននិងឈានដល់ការបង្ក្រាបល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីខាងលើនេះ គឺគណៈបញ្ជាការឯកភាពខណ្ឌទួលគោក បានប្រជុំ និងឯកភាពសម្រេច ស្តីពីការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទក្នុងមូលដ្ឋាន និងឆ្លើយតបតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព។ ជាក់ស្តែងនៅវេលាម៉ោងកើតហេតុខាងលើ កម្លាំងបានចុះបង្ក្រាបទីតាំងល្បែងសុីសងខុសច្បាប់ប្រភេទហ្គេមបាញ់ត្រី ជាលិទ្ថផលដកហូតទូហ្គេមបាញ់ត្រីចំនួន២គ្រឿង និងសម្ភារពាក់ព័ន្ធជាច្រើនទៀត។ ចំណែកអ្នកញៀនល្បែងស៊ីសងទាំងនោះ និងអ្នកមើលការខុសត្រូវ បានរត់គេចខ្លួនបាត់ស្រមោលមុនពេលសមត្ថកិច្ចចុះទៅដល់។
ក្រោយចុះបង្ក្រាប វត្ថុតាងដែលដកហូតបានខាងលើនេះ ត្រូវសមត្ថកិច្ចយកទៅរក្សាទុក រង់ចាំកម្ទេចចោលតាមក្រោយ ៕ ស តារា