ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់ក្រោយឆក់កាបូបដៃមិនសម្រេចពេលរសៀល លុះយប់ឡើងសមត្ថកិច្ចស្រាវជ្រាវចាប់បានម្នាក់ទៀត

ចែករំលែក៖

ភ្នំពេញ៖ ​ជន​សង្ស័យ​ម្នាក់ ក្នុង​ចំណោម​បក្ខពួក​២នាក់ ត្រូវកម្លាំងផ្នែក​យុត្តិធម៌​សហការ​ជាមួយ​កម្លាំងប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចតុមុខ​នៃអធិការ​ដ្ឋាននគរបាល​ខណ្ឌដូនពេញ ឃាត់​ខ្លួនពីបទ លួច​មានស្ថាន​ទម្ងន់ទោស​ប្រើអំពើ​ហិង្សារ(ឆក់កាបូបដៃ) កាលពីថ្ងៃ​ពុធ ១០រោច ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹង​ថ្ងៃទី១៣ ខែឆ្នូ ឆ្នាំ២០១៧ វេលា​ម៉ោង​១០យប់ ដែលប្រព្រឹត្តិ​កាលពីថ្ងៃ​ទី១៣ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង​១៣និង​១៥នាទី នៅចំណុច​មុខស្ថាន​ទូតព្រុយ​ណេផ្លូវសុរា​ម្រិតភូមិទី៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនសង្ស័យ​ត្រូវ​ឃាត់​ខ្លួន ឈ្មោះ ឈឹម ប៊ុនធិន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាងកាត់សក់ មានទី​លំនៅផ្ទះលេខ​២០៤អឺ០ ផ្លូវបេតុង សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ វត្ថុតាង​ចាប់យក​បានម៉ូតូ​មួយ​គ្រឿងម៉ាក FINO ពណ៌ស លាយពណ៌​ខៀវ ពាក់ស្លាក​លេខភ្នំពេញ1GA6768 (រត់ចោល​បន្សល់​ទុកនៅ​កន្លែង​កើតហេតុ) ។ ជនរ​ងគ្រោះ មិនស្គាល់​ឈ្មោះ​ភេទស្រីអាយុ៣៥ឆ្នាំ ជនជាតិខ្មែរ កំពុងដើរ​ជាមួយប្តី ពុំបាន​ដាក់ពាក្យ​បណ្តឹង​បន្ទាប់ពី​ដណ្តើម​បានកាបូប​ដៃបានមក​វិញហើយ​ដើរចេញ​ទៅបាត់ ។បន្ទាប់ពីធ្វើការឃាត់ខ្លួន ជនសង្ស័យ​ធ្លាប់ប្រើប្រាស់​គ្រឿងញៀន(ធ្វើតេស្ត​ទឹកនោម​មានសារ​ធាតុញៀន)ហើយធ្លាប់​ជាប់ពន្ធនាគារ​ព្រៃសម១ ពីបទលួច កាល​ឆ្នាំ២០១៦ ។

បច្ចុប្បន្ន ជនសង្ស័យ​កំពុង​ឃាត់​ខ្លួន​នៅអធិការ​ដ្ឋាននគរបាល​ខណ្ឌដូន​ពេញ​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ៕ ស តារា


ចែករំលែក៖