ខេត្តកំពង់ស្ពឺ៖ យ៉ាងហិចណាស់យុវជនម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់សល់ដង្ហើមចង្រិត ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ពេលកំពុងធ្វើដំណើរឌុបគ្នាលើដងផ្លូវតែ២នាក់។ ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍បញ្ជូនអ្នករបួសទៅកាន់មន្ទីរពេទ្យ ចំណែកអ្នកស្លាប់បានប្រគល់ឲ្យក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងសមត្ថកិច្ចបាននាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករង់ចាំស្រាវជ្រាវរកម្ចាស់រថយន្តឲ្យចូលខ្លួនមកដោះស្រាយជាមួយគ្រួសារជនរងគ្រោះ។
សមត្ថកិច្ចឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង១៨និង៣០នាទី ថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ៨៨ លេខ៨៩ ចំណុចខាងកើតស្ពានអូរក្អែក៤០ម៉ែត្រ ក្នុងភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ រវាងរថយន្ត ប៉ះជាមួយនឹងម៉ូតូ ដែលបើកបរបញ្ច្រាសទិស ។
រថយន្តបង្កម៉ាក hyanday ពណ៌ស ទំងន់១,៥០តោន ពាក់ស្លាក លេខ 2A 4438 (បើកពីលិចទៅកើត ) អ្នកបើកបរមិនស្គាល់ឈ្មោះ រត់គេចខ្លួនបាត់ ចំណែកជនរងគ្រោះជិះម៉ូតូម៉ាក Honda Wave ពណ៌ខ្មៅ គ្មានស្លាក់លេខ ជិះគ្នា 2នាក់ ធ្វើដំណើរពីកើតទៅលិច៖ ឈ្មោះ រី ច័ន្ទរ៉ា ភេទប្រុស អាយុ 18ឆ្នាំ គ្មានមួកសុវត្ថិភាព ស្លាប់នៅនឹងកន្លែងកើតហេតុ និងឈ្មោះ ពៅ វណ្ណនី ភេទប្រុស អាយុ 26ឆ្នាំ គ្មានមួកសុវត្ថិភាព របួសធ្ងន់ បញ្ជូនទៅពេទ្យបង្អែកឧដុង្គ ទាំង2នាក់រស់នៅភូមិកើតហេតុខាងលើ ។
សមត្ថកិច្ចថា មុនពេលកើតហេតុជនរងគ្រោះទាំង២បាក់ជិះម៉ូតូឌុបគ្នា លុះដល់ចំណុចខាងលើបានបុកជាមួយរថយន្ត។ សមត្ថកិចបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ តែក្នុងចំណោមជនរងគ្រោះទាំង២នាក់ មានម្នាក់របួសធ្ងន់ និងម្នាក់ទៀតបានស្លាប់ហើយ។
ចំពោះរថយន្តវិញក្រោយកើតហេតុតៃកុងមិនបានឈប់នោះទេ គឺបានបើក រថយន្តរត់រហូតដល់ភូមិត្រពាំងក្រើញ ឃុំប្រាំបីមុម ទើបនគរបាល សហការជាមួយប្រជាការពារឃាត់ចាប់បាន ។
ករណីគ្រោះថ្នាក់នេះ កើតឡើងដោយមូលហេតុរថយន្តបែកកង់ផ្នែកឆ្វេង ៕ សេនាស័ក្តិ