ភ្នំពេញ៖ ប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងសង្វៀនបញ្ជល់មាន់ ដែលមានល្បែង គ្រប់ប្រភេទនៅផ្ដុំគ្នាទីនោះផងនៅតែ ដំណើរការយ៉ាងរលូនដដែល បើទោះបី ទីតាំងសង្វៀនបញ្ជល់មាន់ធំៗ ដូចជានៅ ក្នុងស្រុកបាទី ខេត្តតាកែវ និងឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល ត្រូវបានទទួល រងការបង្ក្រាបយ៉ាងតឹងរឹុងក្ដី។
បើតាមប្រជាពលរដ្ឋថា ទីតាំងសង្វៀន បញ្ជល់មាន់ និងល្បែងស៊ីសងនោះ ស្ថិតនៅ ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ។ អ្នកភូមិបានឲ្យដឹងថា សង្វៀន នេះគ្រប់គ្រងដោយឈ្មោះ ភួង មេត្តា ជា ទាហាននៅវរសេនាតូចការពារដែនអាកាស លេខ៩១ ដោយមានការចូលរួមភាគហ៊ុន ពីលោក យឹម សារ៉ាន់ អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យផងដែរ។ ប្រភពថា សង្វៀនបញ្ជល់មាន់នេះមានបើកស៊ីសង រហូតដល់ខ្ទង់ម៉ឺនដុល្លារឯណោះ។
ទាក់ទិនករណីខាងលើលោក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យបាន ថ្លែងដោយទទួលស្គាល់ថា ដោយសារមាន ការងារច្រើនផង សមត្ថកិច្ចរបស់លោក អាចឆកល្វែង ព្រោះអ្នកលេងល្បែងជល់ មាន់ទាំងនោះជួនកាលណាត់គ្នាត្រូវ រួច យកមាន់១គូ-២គូ មកទម្លាក់ជល់ រួចក៏បែក គ្នាទៅវិញ។ ប៉ុន្តែយ៉ាងណាក៏ដោយលោក បានអះអាងថា លោកនឹងបង្ក្រាបឲ្យខាងតែបានចំពោះបនល្បែងគ្រប់ប្រភេទ ដែល កើតមានក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ។
ចំណែកទាក់ទងទៅនឹងការចោទប្រកាន់ ដែលថា លោកមានភាគហ៊ុនជាមួយបន ល្បែងស៊ីសងនោះ លោកថា គ្មានទេ ហើយ បើរកឃើញ លោកសុខចិត្តបកស័ក្ដិខ្លួន ឯងចេញតែម្ដង៕ ហេង នរិន្ទ្រ