ខេត្តកណ្ដាល៖ ជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀន២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលចាប់ខ្លួន បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធី។
ករណីចាប់ខ្លួនខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង១ និង១០នាទីរសៀល ថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិអណ្ដូង ឃុំបែកចាន ស្រុកអង្គស្នួល។
មន្រ្ដីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួន ទី១.ឈ្មោះ យឺន ចិត្រ្តា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ដ មានទីលំនៅនៅភូមិអណ្ដូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល និងទី២.ឈ្មោះ សោម រតនៈ ហៅបារាំង ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិចក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ក្នុងការចាប់ខ្លួននេះផងដែរ សមត្ថកិច្ចបានដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកក៤កញ្ចប់ (ធំ១កញ្ចប់និងតូច៣កញ្ចប់) និងទូរស័ព្ទដៃ២គ្រឿង។
ប្រភពដដែលបន្ដថា ជនសង្ស័យខាងលើ គឺជាមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្មក្នុងភូមិសាស្រ្ដឃុំបែកចាន ស្រុកអង្គស្នួល ដែលសមត្ថកិច្ចបានកំណត់ និងតាមដានជាយូរមកហើយ។ លុះមកដល់ថ្ងៃខែឆ្នាំកើតហេតុខាងលើ នគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុក បានទទួលព័ត៌មានច្បាស់ការថា មានមុខសញ្ញាកំពុងធ្វើសកម្មភាពជួញដូរថ្នាំញៀននៅត្រង់ចំណុចកើតហេតុខាងលើ។ ភ្លាមនោះកម្លាំងជំនាញស្រុកបានចុះទៅឃាត់ខ្លួន ឆែកឆេររកឃើញថ្នាំញៀន៤កញ្ចប់ យកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ យឺន ចិត្រ្តា បានសារភាពថា ថ្នាំញៀននេះ ខ្លួនបានទិញពីបុរសម្នាក់មិនស្គាល់អត្តសញ្ញាណម្នាក់ នៅម្ដុំផ្លូវរថភ្លើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងតម្លៃ៧០ដុល្លារ៕ ស្អាងជ័យ