ភ្នំពេញ៖ ក្មេងប្រុស២នាក់បានទំនាស់ពាក្យសម្តីគ្នាក្នុងបណ្តាញសង្គមហ្វេសប៊ុក ពេលជួបមុខគ្នា ក៏ផ្ទុះហិង្សាភាគីម្ខាងយកមួកុវត្តិភាពវាយបែកក្បាល។
ហេតុការណ៍ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព ស ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅក្នុងផ្សារជម្ពូវ័ន ក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពសាក្សីដែលនៅកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថា ក្មេងប្រុសរងគ្រោះឈ្មោះ ហួត អាយុ១៦ឆ្នាំ។ ចំណែកយុវជនដៃដល់ត្រូវបាននគរបាលចាប់ខ្លួនបានទាំ២នាក់ ហើយក្នុងនោះ ម្នាក់ឈ្មោះប៊ុន ចាន់ណារិទ្ធ ហៅ ពិសិដ្ឋ អាយុ១៨ឆ្នាំ ស្នាក់នៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ និងម្នាក់ទៀតឈ្មោះជឿន ចាន់ដារ៉ា អាយុ១៨ឆ្នាំ ស្នាក់នៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
ប្រភពដដែលបានបន្តទៀតថា នៅមុនពេលកើតហេតុភាគីទាំងសងខាងគឺបានឈ្លោះគ្នាតាមឆាតប្រព័ន្ធហ្វេសប៊ុក ។ ដោយបានជេរគ្នាទៅវិញទៅមក នៅតាមឆាតនោះយ៉ាងចាស់ដៃ ផ្ដើមចេញពីជនរងគ្រោះអាយុតិចជាង តែហៅជនដៃដល់អាមឹង។មិ នតែប៉ុណ្ណោះជនដៃដល់បានប្រាប់ជនរងគ្រោះតាមឆាតថា 《ឯងកុំឲ្យអញជួបមុខឲ្យសោះ》។
ប្រភពដដែលបានបន្តទៀតថា ក្រោយពេលគំរាមពីពេលព្រឹក លុះដល់វេលាថ្ងៃត្រង់ ខណៈដែលក្មេងប្រុសរងគ្រោះកំពុងអង្គុយនៅកន្លែងលក់សាច់ជ្រូក ក្នុងផ្សារជម្ពូវ័ន ស្រាប់តែលេចមុខជនដៃដល់ និងបក្ខពួកជិះម៉ូតូម៉ាកហុងដាប៊ីត ពណ៌ក្រហមអត់ស្លាកលេខ ទៅដល់ ក៏បានឌឺដងដាក់គ្នារហូតឈានដល់ការប្រើហិង្សាវាយតប់គ្នា ហើយជនដៃដល់ឈ្មោះប៊ុន ចាន់ណារិទ្ធ ហៅ ពិសិដ្ឋ ទាញមួកសុវត្ថិភាពវាយក្មេងប្រុសរងគ្រោះ បណ្ដាលឲ្យរងរបួសស្រាល ប៉ុន្តែបែកក្បាលហូរឈាមតិចៗដែរ។ ខណៈនោះបានបង្កឲ្យមានការភ្ញាក់ផ្អើលហើយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣ ចុះទៅអន្តរាគមន៏ចាប់ខ្លួនជនដៃដល់និងបក្ខពួកនាំទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ៣តែម្តង ៕ សុខាសែនជ័យ