ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមួយគ្រឿងសង្ស័យងងុយដេកជិះធ្លាក់ផ្លូវរួចជ្រុលចង្កូតទៅបុកជញ្ជាំងផ្ទះអតីតស្នងការរងនគរបាលខេត្តស្វាយរៀងផ្អើលអ្នកភូមិទាំងយប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងយប់ដល់អ្នកភូមិ កំពុងដេកលង់លក់ក្នុងដំណេក ខណៈដែលមានរថយន្តមួយគ្រឿងធ្លាក់ផ្លូវរួចជ្រុលចង្កូតទៅបុកជញ្ជាំងផ្ទះអតីតស្នងការរងនគរបាលខេត្តស្វាយរៀង កាលពីថ្ងៃសុក្រ សុក្រ ១២រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព ស ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង០២ និង៤០នាទីរំលងអធ្រាត្រ នៅចំណុចលើផ្លូវជាតិលេខ១គីឡូម៉ែត្រលេខ១៣៧លេខ១៣៨ ស្ថិតក្នុងភូមិប្រសូត្រ២ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ដែលនេះត្រូវគេសង្ស័យថា អ្នកបើកងងុយដេក ។

យោងតាមសមត្ថកិច្ចនគរបាលខេត្តបានឲ្យកាសែតនគរវត្តដឹងថា រថយន្តបង្កហេតុម៉ាក FUSO ពណ៌ស ស្លាកលេខ ភ្នំពេញ 3C 5675 ខណៈអ្នកបើកបរមិនត្រូវបានស្គាល់ឈ្មោះនោះទេ ក្រោយកើតហេតុបានបើកទ្វាររថយន្តរត់ចេញគេចខ្លួនភ្លាមៗផងដែរ។

ចំពោះផ្ទះដែលរងការខូចខាត មានម្ចាស់ឈ្មោះសុខ ចាន់ដន ភេទប្រុស អាយុ ៦៣ឆ្នាំ មុខរបរនាយនគរបាលចូលនិវត្តន៍(អតីតស្នងការរងនគរបាលខេត្តស្វាយរៀង) រស់នៅភូមិប្រសូត្រ២ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

តាមសមត្ថកិច្ចបញ្ជាក់ថា តាមការសន្និដ្ឋានដំបូងសង្ស័យអ្នករថយន្តងងុយដេក ខណៈករណីនេះមិនបណ្ដាលឲ្យនរណាម្នាក់រងគ្រោះថ្នាក់នោះទេ ដោយរថយន្តខាងលើបានធ្វើដំណើរទិសដៅពីលិចទៅកើតហើយ បានឆ្លាក់ផ្លូវខាងត្បូង រួចក៏ជ្រុលទៅបុករបងផ្ទះរបស់គេតែម្ដង។

បច្ចប្បន្នរថយន្តខាងលើត្រូវបានសមត្ថកិច្ចនគរបាលអូសមកកាន់អធិការនគរបាលដើម្បីដោះស្រាយជាមួយម្ចាស់ផ្ទះតាមច្បាប់៕ យឹម សុថាន

 

 


ចែករំលែក៖