ព័ត៌មានទាន់ហេតុការណ៍៖

ចិនធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅដែនសមុទ្រជាប់កូរ៉េខាងជើង

ចែករំលែក៖

កម្លាំងទាហាន ជើងទឹកចិនកាលពីថ្ងៃ ទី១៤ខែធ្នូ បានចាប់ផ្តើមធ្វើសមយុទ្ធជា ទ្រង់ទ្រាយធំ បាញ់គ្រាប់ពិតនៅតំបន់ សមុទ្រ ជាប់ព្រំដែនកូរ៉េខាងជើង ។ សកម្មភាពធ្វើសមយុទ្ធបាញ់គ្រាប់ពិតធ្វើឡើង ក្រោយពេលដែល កូរ៉េខាងជើង ព្រមាន អាមេរិកថាសង្គ្រាមបរមាណូ កំពុងតែខិត ជិតមកដល់ហើយ។

ការធ្វើសមយុទ្ធ បានចាប់ផ្តើមកាលពី ថ្ងៃទី១៤ខែធ្នូ នៅតំបន់សមុទ្រ ជិតទីតាំង ទាហានជើងទឹក Lushunស្ថិតក្នុងខេត្តលីវនីញប្រទេសចិន។ នៅមុនពេលធ្វើសម យុទ្ធ កម្លាំងទាហានជើងទឹកចិនបានប្រកាសហាមប្រាមនាវា កាណូត កប៉ាល់ ធ្វើចរា ចរណ៍នៅតំបន់សមុទ្រក្នុងបរិវេណ២៧៦គីឡូម៉ែត្រក្រឡា។

Lushun ជាទីតាំងទាហានជើងទឹក ដ៏សំខាន់ ប្រចាំនៅតំបន់សមុទ្រភាគខាង ជើង មានតួនាទីការពារប្រទេសចិន នៅតំបន់សមុទ្រជាប់កូរ៉េខាងជើង។ នៅពេលនេះទាហានជើងទឹកចិនមិនទាន់ ប្រកាសឲ្យដឹងពីចំនួនទាហាន ឬនាវា ចម្បាំង ចូលរួមនោះឡើយ។

នៅក្នុងការធ្វើសមយុទ្ធកើតឡើងក្នុងពេលដែល សភាពការណ៍តានតឹងនៅ ឧបទ្វីបកូរ៉េកាន់តែខ្លាំងឡើង។ អាមេរិក និងជប៉ុននៅក្នុងសប្តាហ៍នេះ ក៏បានធ្វើ សមយុទ្ធជាទ្រង់ទ្រាយធំផងដែរ ដើម្បីដាក់ គំនាបទៅលើកូរ៉េខាងជើង ជុំវិញកម្មវិធី បរមាណូនិងមីស៊ីល។

កាលពីសប្តាហ៍កន្លងមក នាវាចម្បាំងជាង៤០គ្រឿងរបស់ចិនក៏បានធ្វើសមយុទ្ធនៅតំបន់សមុទ្រចិនភាគខាងកើត ។ ការធ្វើសមយុទ្ធនោះបន្ទាប់ពីអាមេរិកធ្វើសមយុទ្ធទាហានអាកាសជាទ្រង់ទ្រាយធំ ។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត ដែលពាក់ព័ន្ធកូរ៉េខាងជើង សហរដ្ឋអាមេ រិក នាពេលថ្មីៗនេះ បានប្រើប្រាស់យន្ត ហោះ ស៊ើបការណ៍សម្ងាត់មួយគ្រឿង ឲ្យហោះហើរ ឆ្លងកាត់តាមដែនទឹក ដែល ស្ថិតនៅជិតតំបន់ឆ្នេរ ភាគខាងកើត ប្រទេស កូរ៉េខាងជើង ។

យន្តហោះចារកម្មដែលមានមូលដ្ឋានប្រចាំក្នុងប្រទេសជប៉ុននេះ បានហោះ ហើរ ក្នុងបរិវេណជិតកូរ៉េខាងជើង ព្រោះតែ យោធា បាននិងកំពុងតែតាមដាន សញ្ញានៃការត្រៀមរៀបចំបាញ់មីស៊ីលSLBM ពីនាវាមុជទឹករបស់ប្រទេស កូរ៉េខាងជើង មួយគ្រឿង ។

យោងតាមទីភ្នាក់ងារ សារព័ត៌មាន អាមេរិក UPI ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ បានឲ្យដឹងថា បណ្ដាញ ព័ត៌មានកូរ៉េខាងត្បូង Channel A បាន រាយការណ៍ថា ទ័ពជើងទឹកសហរដ្ឋ អាមេរិក ប្រើបញ្ជូនយន្តហោះនេះ ព្រោះ តែមានសញ្ញាបង្ហាញថា កូរ៉េខាងជើង ប្រហែលជាកំពុងត្រៀមរៀបចំ សម្រាប់បង្ក ហេតុបន្ទាប់ ហើយការហោះហើរនេះ គឺជា ការព្រមានមួយ ៕ ម៉ែវ សាធី

 


ចែករំលែក៖