ព័ត៌មានទាន់ហេតុការណ៍៖

សហព័ន្ធកីឡាបាល់ទាត់កម្ពុជាទទួលបានថវិកាឧបត្ថម្ភចំនួន៤ម៉ឺនដុល្លារពីមូលនិធិកូរ៉េ

ចែករំលែក៖

ភ្នំពេញ ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ បានចុះហត្ថលេខា ទទួលថវិកាឧបត្ថម្ភពីមូលនិធិចែករំលែកសេចក្តីស្រឡាញ់បាល់ទាត់កូរ៉េ (KOFICE) និងមូលនិធិដើម្បីផ្លាស់ប្តូរវប្បធម៌ពិភពលោក (KFLSF) សរុប៤ម៉ឺនដុល្លារអាមេរិក ដើម្បីអភិវឌ្ឍសាលាតម្រង់ទិសបាល់ទាត់ ទាំង២៥ខេត្ត-រាជធានី ក្រោមកិច្ចសហការជាមួយក្រសួងអប់រំយុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិក កម្ពុជា ដើម្បីស្វែងរកធនធានកីឡាករ យកទៅបំប៉នសមត្ថភាពសម្រាប់ឆ្នាំ២០២៣។

លោក Gap Jin Lee ប្រធានមូលនិធិការ KOFICE បានលើកឡើងថា នេះជាជំហ៊ានចាប់ផ្ដើម ដើម្បីសហការជាមួយ FFC លោកនឹងព្យាយាមកៀរគរស្វែងរកសប្បុរសជន ជាតិកូរ៉េផ្សេងទៀត មកចូលរួមជាមួយគម្រោងសាលាតម្រង់ទិសកីឡាបាល់ទាត់របស់កម្ពុជា។ លោករំពឹងថា កិច្ចសហការនេះ នឹងធ្វើឲ្យប្រទេសទាំង២ និងប្រជាពលរដ្ឋប្រទេសទាំង២ កាន់តែមានទំនាក់ទំនងស្អិតល្មួតបន្ថែមទៀត។

លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានអរគុណដល់តំណាងមូលនិធិ ទាំង២ដែលចាប់អារម្មណ៍ដល់បាល់ទាត់កម្ពុជា។ លោកគិតថា នេះជាការផ្សាភ្ជាប់ទំនាក់ទំនង ប្រទេសទាំង២។ ចំពោះបាល់ទាត់ជាកីឡាករដែលយុវជននិយមគាំទ្រ និងលេង នៅប្រទេសកម្ពុជាផងដែរ។

លោកប្រធានសហព័ន្ធបានឡើកឡើងថា «យើងបានដាក់កីឡាបាល់ទាត់ជានយោបាយមួយ ដើម្បីជួយពង្រឹងយុវជនក្នុងស្រុករបស់យើង។ សហព័ន្ធបានរៀបចំឲ្យមានសាលាបាល់ទាត់ តម្រង់ទិសទូទាំង២៥ខេត្ត-រាជធានី ដោយសហការជាមួយក្រសួងបាល់ទាត់យុវជន និងកីឡាករ ដោយយើងប្រើពេល២ឆ្នាំដើម្បីបង្កើតសាលានេះចេញជារូបរាង។ យើងត្រូវការហរិញ្ញវត្ថុ ធនធានមនុស្ស និងចក្ខុវិស័យច្បាស់លាស់ដើម្បីដំណើរការទទួលបាន ជោគជ័យនៅអនាគត»។

គិតត្រឹមពេលនេះសាលទម្រង់ទិសបង្កើតបាន១២ខេត្តរួចមកហើយ ដោយនៅសល់១៣ខេត្តទៀត ប៉ុន្តែខេត្តដែលនៅសល់សហព័ន្ធគ្រោងបង្កើតឲ្យអស់នៅឆ្នាំ ២០១៨ ខាងមុខ។ សាលា១២ដែលបានបង្កើតរួចសហព័ន្ធបានរៀបចំឲ្យមានការប្រកួត ជាលីកយុវជនជាបណ្តើៗហើយ ព្រមទាំងទទួលបានការគាំទ្រពីមហាជនផងដែរ។

លោក សៅ សុខា បានបញ្ជាក់ថា «ការប្រគល់ថវិការនេះស្របពេលចំថ្ងៃ ខួបទំនាក់ទំនងមិត្តភាព អន្តរជាតិ២០ឆ្នាំរវាងប្រទេសកម្ពុជា និងកូរ៉េខាងត្បូង ផងដែរ។ យើងសង្ឍឹមថាប្រទេសយើងទាំង២មានមិត្តភាពយូអង្វែងទៅថ្ងៃខាងមុខតទៅទៀត»។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានដាក់គោលដៅបង្កើតសាលាបាល់ទាត់ឲ្យបានគ្រប់ ២៥ រាជធានី-ខេត្ត គិតពីឆ្នាំ២០១៧នេះតទៅដើម្បីបណ្តុះកីឡាករឲ្យច្រើនមុនពេលកម្ពុជា ធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ខាងមុខ៕ សារីម


ចែករំលែក៖