ព័ត៌មានទាន់ហេតុការណ៍៖

អតីតរដ្ឋមន្ត្រីរុស្ស៊ីត្រូវកាត់ទោសជាប់ពន្ធនាគារ៨ឆ្នាំពីបទពុករលួយ

ចែករំលែក៖

តុលាការរុស្ស៊ីកាលពីថ្ងៃទី១៥ ខែធ្នូ បានកាត់ទោសអតីតរដ្ឋមន្ត្រីសេដ្ឋកិច្ចជាតិ លោក Alexei Ulyukayevជាប់ពន្ធនាគារ៨ឆ្នាំពីបទទទួលសំណូកមានទឹកប្រាក់ប្រមាណ២លានដុល្លារអាមេរិក។

លោកAlexei Ulyukayev ជាមន្ត្រីជាន់ខ្ពស់បំផុត ដែលបានចាប់ឃុំខ្លួន ក្នុងរយៈពេល១៨ឆ្នាំ កាន់អំណាចរបស់ប្រធានាធិបតីពូទីន។ ក្រៅពីការដាក់ទោសជាប់គុក៨ឆ្នាំ អតីតរដ្ឋមន្ត្រីរូបនេះ ក៏ត្រូវសងនៅការផាកពិន័យរហូតដល់ទៅ២,២លានដុល្លារ ។ ការសម្រេចខាងលើ គឺតិចជាការស្នើរបស់ក្រុមរដ្ឋអាជ្ញានាពេលកន្លងមក ដោយស្នើឲ្យដាក់ទោស ១០ឆ្នាំ និងផាក់ពិន័យជាង៥លានដុល្លារអាមេរិក ។

ប៉ុន្តែលោក Alexei Ulyukayev នៅតែបញ្ជាក់ថាខ្លួន មិនមានទោស គឺលោកធ្លាក់នៅក្នុងអន្ទាក់របស់គេ ។ លោកប្រកាសថា នឹងបន្តប្តឹងដើម្បីស្វែងរកភាពស្អាតស្អំរបស់ខ្លួនមកវិញ។ នៅមុនពេលតុលាការចេញសេចក្តីសម្រេច លោកមានជំនឿចិត្ត និយាយទៅកាន់ក្រុមអ្នកសារព័ត៌មាន ដោយលោកសង្ឃឹមថា មានការស្រាវជ្រាវដោយយុត្តិធម៌ចំពោះលោក។

កន្លងមក អតីតរដ្ឋមន្ត្រី Ulyukayev ត្រូវគេចាប់ភ័ស្តតាងបានពេលទទួលប្រាក់សំណូកពីលោក Igor Setchin ប្រធានក្រុមហ៊ុនប្រេង Rosneft ។ កញ្ចប់ដែល ប្រធានក្រុមហ៊ុនប្រេងផ្ញើទៅឲ្យលោកមានទម្ងន់ដល់ទៅ២២គីឡូក្រាមផ្ទុកសុទ្ធតែលុយ ។ លោក Ulyukayev បញ្ជាក់ថា លោកមិនបានដឹងនៅក្នុងនោះជាលុយនោះឡើយ ដោយគិតថា ជាស្រាឆ្ងាញប៉ុណ្ណោះ។ ទាំងនោះហើយបានជាលោកចោទប្រកាន់ថា នេះជាការរៀបចំដើម្បីចាំយកភ័ស្តតាង នៅចំពោះមុខ ទាំងលោកមិនដឹងខ្លួនផងនោះ។

អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បដិសេធន៍វិភាគពីបញ្ហាខាងលើ៕ ម៉ែវ សាធី


ចែករំលែក៖